(ស្ទឹងត្រែង)៖ ប្រជាកសិករ និងសមាជិកសហគមន៍កសិកម្ម នៅភូមិដីស ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានទទួលពូជដំណាំដូចជា ពូជស្វាយ ចន្ទី ពូជ ស្វាយ កែវរមៀត និងជីធម្មជាតិ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
ពិធីចែកពូជដំណាំ និងជីកសិកម្ម បានធ្វើឡើងនៅទីធ្លាវិហារឥស្លាម ភូមិដីស ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយអភិបាលរងខេត្ត ប្រធាន អនុប្រធានមនទីរជុំវិញខេត្ត។
នាឱកាសនោះ លោកអភិបាលខេត្តបានគាំទ្រដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងចងប្រជាជនឱ្យទៅជាសហគមន៍កសិកម្ម ដើម្បីងាយស្រួលស្វែងរកទីផ្សារនិងគាំទ្រទិន្នផលរបស់កសិករ។ កាលណាមិនមានជាសហគមន៍កសិកម្ម សំរាប់កសិករ គឺបាត់បង់ផលប្រយោន៍ច្រើន តាមរយៈការឆ្លៀត ឱកាសទំលាក់ថ្លៃនាំចេញដំណាំកសិកម្មពីឈ្មួញកណ្តាល ដែលផ្ទុយពីការខិតខំប្រឹងប្រែងរបស់កសិករ ក្នុងការដាំដំណាំកសិកម្ម ទទួលបាននូវចំណូលតិចតួច មិនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ។
ឆ្លៀតពេលដដែលនោះ លោក សរ សុពុត្រា បានជម្រុញកសិករ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលលើវិស័យ កសិកម្មឱ្យបានច្រើន ដែលមន្ទីរសាម៉ី ជាជំនាញក្នុងការបណ្តុះបណ្តាល របៀបដាំដុះដំណាំ ដើម្បីឱ្យទិន្នផលឡើងខ្ពស់ ដែលអាចមានរោងចក្រធ្វើការប្រមូលទិញ។
លោកអភិបាលខេត្ត សម្តែងការកោតសរសើរដល់ប្រធានមន្ទីរកសិកម្មដែលមានគំនិតក្នុងការពង្រីកទិន្នផលជូនបងប្អូនប្រជាកសិករ តាមរយៈការគាំទ្របច្ចេកទេស និងស្មារតី ដូចជាការផ្តល់ពូជដំណាំ និងជីកសិកម្ម គឺជារឿងមួយដ៏ត្រឹមត្រូវ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជម្រុញដល់កសិករ ក្នុងការពង្រីក ការដាំដំណាំ កសិកម្ម ដូចជាស្វាយចន្ទី ស្វាយ កែវ រមៀត កៅស៊ូ ដែលជាដំណាំមានសក្កានុពលនៅខេត្តស្ទឹងត្រែង។
ដោយឡែក ការចែក ពូជដំណាំ និងជីកសិកម្មនេះ គឺមិនអាចចែកជូនផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ ដែលចាំបាច់ បងប្អូនកសិករ ត្រូវយកពូជទាំងនេះទៅដាំពង្រីកជាបន្តបន្ទាប់ទៀត ដើម្បីមាន ថវិកាសំរាប់ចំណាយទិញពូជដំណាំ និងជីកសិកម្មបន្ថែម។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា បច្ចុប្បន្ន សហគមន៍កសិកម្មស្ទឹងត្រែងមានចំនួន២៧សហគមន៍ ក្នុងនោះ៩សហគន៍ គាំទ្របង្កើតដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម និង១៣សហគមន៍ទៀត គាំទ្របង្កើតដោយអង្គការដៃគូ និងគម្រោងជាច្រើន ដែលមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៕