(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់ជួសជុលផ្លូវ លេខ១៣៣៣ ចាប់ពីរង្វង់មូលនាងគង់ហីង ភ្ជាប់មកផ្លូវជាតិលេខ៣៣ ត្រង់ចំណុចខាងកើត វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចំការដូង ស្ថិតនៅឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប។
ក្នុងដំណើចុះពិនិត្យនេះ លោកអភិបាលខេត្តក៏បានដឹកនាំមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដាំកូនក្ងោកលំអរសងខាងផ្លូវត្រង់ចំណុចអូក្តូង ផ្លូវបំបែកភូមិអន្ទង់សរ ស្ថិតនៅភូមិអន្ទង់សរ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប ផងដែរ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានធ្វើរបាយការណ៍បញ្ជាក់ថា កំណាត់ផ្លូវ ១៣៣៣ នេះ ចាប់ផ្តើមដំណើការជួសជុស ចាក់កៅស៊ូ DBST ចាប់ពីឆ្នាំ២០១៧ ដោយធ្វើការជួសជុលជាកំណាត់ៗ ជារៀងរាល់ឆ្នាំ មកដល់ពេលនេះ បានប្រមាណ ៨គីឡូម៉ែត្រហើយ។ ដោយឡែកនៅសល់ ៣គឺឡូម៉ែត្រទៀត ដែលគ្រោងនឹងជួសជុលបង្ហើយនៅឆ្នាំ២០២៥ ភ្ជាប់ទៅផ្លូវជាតិលេខ៣៣។
លោកប្រធានមន្ទីរ បន្ថែមថាសម្រាប់កំណាត់ផ្លូវ ដែលបានសាងសង់រួច មន្ទីរបានបំពាក់នូវស្លាកសញ្ញាចរាចរណ៍ សញ្ញានាំផ្លូវ រួមទំាងសំណង់សិល្បះការ្យអម ជាច្រើនកន្លែង រួមទាំងប្រឡាយរំដោះទឹកប្រវែង ជាង៣០០០ម៉ែត្រ ផងដែរ។
សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវខាងលើ លោកបណ្ឌិត សោម ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាល សម្តេចតែងគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទិសទី។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានសំដែងនូវអំណរសាទរ ចំពោះសមិទ្ធផលផ្លូវកៅស៊ូ ដ៏ថ្មីស្រឡាង ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ចំការចេក ភូមិចំការបី និងភូមិអន្ទង់សរ បើទោះបីពុំទាន់ហើយជាស្ថាពរ តែក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួសដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ ការធ្វើដំណើរទៅសាលារៀន ឬមន្ទីរពេទ្យ កាន់តែងាយស្រួល ជាពិសេស ផ្លូវនេះជាសសៃឈាមតភ្ជាប់វិស័យទេសចរណ៍ ឆ្នេរសមុទ្រ មកកាន់តំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ដ៏សំខាន់នៃតំបន់ភ្នំវល្លិ៍នេះ ដែលវានឹងជួយលើកស្ទួយសេដ្ឋកិច្ច និងកំរិតជីវភាពរស់នៅរបស់បងប្អូន កាន់តែល្អប្រសើរថែមទៀត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាដើមឈើដែលបានដាំអមសងខាងផ្លូវ ជួយដាំបន្ថែមនៅតាមផ្ទះ និងទីសាធារណៈផ្សេងៗ ដើម្បីបង្កើតគម្របបៃតងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកសំរាកលំហែកម្សាន្តនៅខេត្តកែប អោយកាន់តែច្រើនឡើងថែមទៀត។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនបងប្អូនប្រជាពលរដ្ឋ នូវក្រម៉ាម្នាក់មួយ និងថវិកាមួយចំនួនផងដែរ៕