(កណ្តាល)៖ ដូចការដែលបានសន្យាមុនពេលប្រឡងនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រគល់ម៉ូតូស្កុបពី ចំនួន៥គ្រឿង ដល់សិស្សប្រឡងជាប់និទ្ទេស A មកពីវិទ្យាល័យទាំង៤ នៅក្នុងស្រុកកោះធំ។ ក្រៅពីផ្តល់ម៉ូតូ ដល់សិស្សនិទ្ទេស A ហើយ លោកទេសរដ្ឋមន្រ្តី ក៏បានប្រគល់ថវិកាដល់សិស្សប្រឡងជាប់ ក្នុងស្រុកកោះធំទាំង ៣៥៥នាក់ ម្នាក់ៗ ១០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ១៨នាក់ ម្នាក់ៗ ១៥ម៉ឺនរៀល។
ក្នុងពិធីប្រគល់ម៉ូតូ និងថវិកា ដល់សិស្សប្រឡងប្រជាប់បាក់ឌុបនៅទូទាំងស្រុកកោះធំនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានជំរុញសិស្សជ័យលាភី បាក់ឌុបទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងសិក្សាបន្តទៅទៀត ដើម្បីពង្រឹងសមត្ថភាពចូលរួម ចំណែកជួយកសាងប្រទេសជាតិឲ្យ កាន់តែរីកចម្រើនថែមទៀត។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៅកាន់សិស្សជាប់បាក់ឌុបថា ការសិក្សាមិនតម្រូវថាទាល់តែអ្នកមានជីវភាពធូរធា ដើម្បីអាចសិក្សាបានខ្ពង់ខ្ពស់នោះទេ សំខាន់ស្ថិតលើការតាំងចិត្ត និងតស៊ូរបស់អ្នកសិក្សាម្នាក់ៗ។ តួយ៉ាងដូចជារូបលោកទេសរដ្ឋមន្រ្តី ដែលជាកូនកសិករនៅក្នុងស្រុកកោះធំ លោកមិនមានធនធានច្រើននោះឡើយ ក្នុងវ័យសិក្សា តែលោកបានប្រឹងប្រែងរហូត ទទួលបានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក និងបានយកចំណេះដឹង របស់លោកមកចូលរួមចំណែក កសាងប្រទេសជាតិនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោក ស៊ុន ចាន់ថុល ថា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងខ្លាំងក្នុងការរក្សាស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសប្រឹងប្រែង ទាក់ទាញអ្នកវិនិយោគបរទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សបញ្ចប់ការសិក្សា។
សិស្ស ដែលទទួលបានរង្វាន់លើកទឹកចិត្តពីលោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយគ្រប់ៗគ្នា។ ជាមួយទឹកមុខញញឹមញញែមក្រុមសិស្សទាំងអស់នោះ បានចាត់ទុករង្វាន់លើកចិត្តរបស់លោក ស៊ុន ចាន់ថុល ថា ជាកាយវិការប្រកបដោយ ការយកចិត្តទុកដាក់ក្នុងការបណ្តុះធនធាន ចំណេះដឹងនៅក្នុងស្រុកកោះធំ ក៏ដូចជាក្នុងប្រទេសកម្ពុជា។
ក្រុមសិស្សរំពឹងកាយវិការនេះ នឹងបន្តកើតមាននៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីលើកទឹកចិត្តដល់សិស្សជំនាន់ក្រោយៗទៀត ប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង ត្បិតមានតែចំណេះដឹង របស់យុវជនជំនាន់ក្រោយ នេះហើយ ជួយអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើន ឈានទៅមុខថែមទៀត។
សូមបញ្ជាក់ថា សិស្សក្នុងស្រុកកោះធំនាឆ្នាំ២០១៦នេះ បានប្រឡងជាប់បាក់ឌុបចំនួន ៣៥៥នាក់ ក្នុងចំណោមសិស្ស ៥៩០ ស្មើនិងជាង ៦០ភាគរយ។ ក្នុងនោះសិស្សនិទ្ទេស A មានចំនួន ៥នាក់ សិស្សនិទ្ទេស B ៣៧នាក់ សិស្សនិទ្ទេស C ៥៥នាក់ សិស្សនិទ្ទេស D ៦៦នាក់ សិស្សនិទ្ទេស E ១៩២នាក់៕