(ព្រៃវែង)៖ មន្ទីរសុខាភិបាលខេត្តព្រៃវែង ដឹកនាំដោយលោកវេជ្ជបណ្ឌិត ហន់ រិទ្ធិ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ក្រោមការណែនាំផ្ទាល់ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកយុទ្ធនាការ អប់រំផ្សព្វផ្សាយ និងនិងបាញ់ថ្នាំសម្លាប់មូស ដើម្បីការពារជម្ងឺ Zika ដែលជម្ងឺឆ្លងថ្មីមួយកំពុងរីករាល នៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ។
លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា យុទ្ធនាការនេះនៅក្នុងក្រុងព្រៃវែង ធ្វើឡើងដើម្បីអោយប្រជាពលរដ្ឋ បានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីជម្ងឺ Zika ដើម្បីចូលរួមទប់ស្កាត់ការពារ ដើម្បីកុំអោយកើតមាននៅក្នុងក្រុងព្រៃវែង ក៍ដូចជានៅក្នុងខេត្តទាំងមូល ។
លោកបន្តថា «ជម្ងឺនេះអាចបំផ្លាញប្រពន្ធ័សរសៃប្រសាទកុមារអោយខុសប្រក្រតីចំពោះស្រ្តីមានគ័រដែលមានផ្ទុកមេរោគ Zika ឬកើតជម្ងឺ Zika អាចបណ្តាលអោយទារកកើតមកខុសប្រក្រតី មានក្បាលតូចនិងប្រព័ន្ធសរសៃប្រាសាទខុសប្រក្រតី»។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មូសខ្លាជាប្រភពចម្លងជម្ងឺ Zika មុសខ្លាធ្វើសកម្មភាពខ្លាំងបំផុតនៅពេលថ្ងៃ ហើយចម្លងពីម្តាយទៅកូន នៅក្នុងផ្ទៃទៀតផង ចំពោះរោគសញ្ញានៃជម្ងឺ ក្តៅខ្លួនស្រាល ឈឺក្បាល ឈឺសន្លាក់ មានកន្ទួលក្រហមលើស្បែក ភ្នែកឡើងក្រហមនិងបាត់ទៅវិញក្នុងរយៈពេល ពី២ថ្ងៃទៅ៧ថ្ងៃក្រោយមក និងមានគ្រោះថ្នាក់ខ្ពស់បំផុតចំពោះស្រ្តីមានផ្ទៃពោះ។
លោក វេជ្ជបណ្ឌិត ហន់ រិទ្ធិ បានអំពាវនាវអោយប្រជាពលរដ្ឋចេះអនាម័យ និងលប់បំបាត់ជម្របមូសខ្លានៅជុំវិញផ្ទះ ដោយដាក់ថ្នាំ អាល់បែតនៅក្នុងពាងទឹក លុបទឹកដក់ ត្រូវយកសម្ភារណាដែលដក់ទឹក ដុត ឬកប់អោយអស់ ដើម្បីការពារមូសខ្លាខាំត្រូដេកក្នុងមុង ស្លៀកពាក់អោយជិត ដើម្បីទប់ស្កាត់កុំអោយមានជម្ងឺគ្រុនឈាម គ្រុនឈិក និងជម្ងឺ Zika ដែលពិភពលោកកំពុងទប់ស្កាត់ និងព្រួយបារម្មបំផុត៕