(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា បើប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភពីអនាគត ពីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ត្រូវតែរួមគ្នាថែរក្សា និងពង្រាយប្រជាជន ដើម្បីការពារនៅតំបន់ព្រំដែន។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការយកប្រជាជនធ្វើខឿនការពារព្រំដែន ប្រសើរជាងធ្វើរបង ព្រោះប្រជាជនមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀត។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយ នៅលើបណ្តាញ Telegram នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីឆ្លើយតបនឹងបុគ្គលមួយប្រឆាំងជ្រុលនិយមចំនួន ដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិ ហើយស្នើឲ្យរាជរដ្ឋាភិបាលធ្វើរបងការពារព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខឿនការពារជាតិ គឺប្រជាជន គឺមានកម្លាំងខ្លាំង ដែលអាចការពារជាតិច្រើនជាងរបងបេតុងច្រើនជាន់ នោះគឺការខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើជាបន្តបន្ទាប់ ទាំងផ្លូវថ្នល់ ចែកផ្ទះឱ្យប្រជាជន សង់មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដែលប្រជាជនត្រូវការ ដើម្បីឱ្យពួកគាត់មានលទ្ធភាពកាន់តែច្រើនដើម្បីរស់នៅទីនោះ ដាំដុះ ធ្វើស្រែចំការ ដាំដំណាំឧស្សាហកម្ម ឬក៏សិប្បកម្មកែច្នៃជាដើម»។
បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន, បើកម្ពុជាមានលុយធ្វើរបង នោះកម្ពុជានឹងធ្វើផ្លូវឱ្យល្អ នៅតាមព្រំដែន ទាំងខ្សែក្រវាត់ព្រំដែន និងផ្លូវពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ និងផ្ទះល្អៗជូនប្រជាជន នៅតាមបណ្តោយព្រំដែន នោះទើបជាការត្រឹមត្រូវជាង។ ការអភិវឌ្ឍនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីនាំចេញទៅវៀតណាម ដែលមានប្រជាជនជាង១០០លាននាក់ និងការនាំចេញទៅកាន់ប្រទេសឡាវ និងប្រទេសថៃផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា កម្ពុជាត្រូវប្រែក្លាយខ្សែព្រំដែនទៅជាព្រំដែនអភិវឌ្ឍ សន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ប្រសើរជាង ការវ៉ៃគ្នាដូចទសវត្ស៥០ ៦០ និង៧០ ដែលពេលនោះមានការវ៉ៃគ្នា មិនអាចឱ្យប្រជាជនធ្វើស្រែចម្ការតាមព្រំដែនបាន។
សូមជម្រាបថា ថ្មីៗនេះ មានមតិបំផុសដោយបំភ្លៃថា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាការកាត់ដីកម្ពុជា៤ខេត្តឲ្យប្រទេសដទៃ។ ប៉ុន្តែ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក្យរបស់ក្រុមប្រឆាំងជ្រុលនិយមបែបនេះ គឺជាការមូលបង្កាច់ ហើយគម្រោងនោះមិនមែនជាការអភិវឌ្ឍរួម ឬចូលហ៊ុននោះឡើយ៕