(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ក្រៅពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្ដេចក៏បានផ្តួចផ្តើម ក្នុងការបង្កើតតំបន់អភិវឌ្ឍត្រីកោណកម្ពុជា-ឡាវ-ថៃ ផងដែរ ប៉ុន្ដែដោយសារមានរដ្ឋប្រហារ ជាបន្តបន្ទាប់នៅប្រទេសថៃ ទើបមិនអាចអនុវត្តគម្រោងនេះបាន។
ការលើកឡើងបែបនេះរបស់សម្តេចតេជោ ធ្វើឡើងតាមរយៈសារសំឡេងពិសេស នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ដោយថ្លែងពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដោយសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា មិនមែនជាការដាក់ខេត្តអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនគ្នានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏សូមបញ្ជាក់ជូនបងប្អូនថា ក្រៅពីគំនិតផ្តួចផ្តើម និងការអនុវត្តដោយជោគជ័យ ក្នុងរយៈពេលកន្លងទៅរវាង កម្ពុជា-ឡាវ-វៀតណាម ខ្ញុំក៏បានពិភាក្សា ជាមួយ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមួយភាគីឡាវ ដោយគ្រោងធ្វើតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-ថៃ ដោយកម្ពុជាមានខេត្តព្រះវិហារ ដោយយើងហ៊ានទៅដល់ការធ្វើតារាង វាយកូនហ្គោល នៅព្រំដែនរវាងប្រទេសទាំង៣ ដែលមានសរុបចំនួន២៧ឡូ ប៉ុន្តែដោយសារមានរដ្ឋប្រហារជាបន្តបន្ទាប់នៅប្រទេសថៃ មិនអាចអនុវត្តគម្រោងនេះបាន»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងនេះ មានកិច្ចសហប្រតិបត្តិការ ដែលកម្ពុជាចង់មានកិច្ចសហប្រតិបត្តិការ ប្រកបដោយសន្តិភាព ជាមួយប្រទេសជិតខាង ហើយនឹងនាំមកនូវវិសាលភាព ខាងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍ នៅក្នុងតំបន់នោះ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា បងប្អូនមួយចំនួនបាននិយាយដោយងាយស្រួលណាស់ថា «ប្រទេសកម្ពុជានឹងអាចធ្វើរបងបាន»។ សម្តេចចង់សួរឲ្យច្បាស់ថា តើការធ្វើរបងនេះ នឹងបិទទាំងទន្លេមេគង្គ ទន្លេបាសាក់ បិទទាំងព្រែកទាំងឡាយ ដែលហូរឆ្លងកាត់ពីវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ឬក៏ធ្វើតែលើគោក ឬធ្វើតែត្រឹម៤ខេត្ត? សម្តេចបានបន្តថា បងប្អូនរបងគេអាចលួចន្លោះបាន គេអាចឆ្លងបាន គេអាចបាញ់ផ្តួលបាន ឬជីកផ្តួលបាន ក្នុងពេលដែលយើងត្រូវធ្វើរាប់ពាន់គីឡូម៉ែត្រ បើគិតព្រំដែនទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ខឿនការពារជាតិដោយប្រជាជន នៅតំបន់ព្រំដែន គឺមានកម្លាំងខ្លាំងជារបងបេតុងច្រើនជាន់ នោះគឺការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវតាមបន្ទាត់ព្រំដែន ហើយយើងចែកដី កសាងផ្ទះឲ្យប្រជាជន រៀបចំសាលារៀនមន្ទីរពេទ្យ និងរបស់ចាំបាច់ដែលប្រជាជនត្រូវការ ឲ្យពួកគាត់មានលទ្ធភាព កាន់តែច្រើន ដើម្បីរស់នៅទីនោះ។
សូមរំលឹកថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងប្រែក្លាយខេត្តជាប់ព្រំដែន ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ៕