(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានព្រមានមិនឱ្យក្រុងប្រឆាំងក្នុងប្រទេស ឆ្លងផុតបន្ទាត់ក្រហម ហើយឈានទៅចូលរួមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់ឡើយ។
ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹង គម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជា ឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។
តាមរយៈសារពិសេសមួយផ្ញើចូលទៅក្នុងក្រុម «រួបរួមដើម្បីកម្ពុជា» ហើយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅបងប្អូនមួយចំនួននៅក្នុងក្រុមនេះ អំពីឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការញុះញង់លើគម្រោងអភិវឌ្ឍតំបន់ត្រីកោណ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «បងប្អូន ! ការញុះញង់ពីអ្នកក្រៅប្រទេស គឺអាក្រក់ខ្លាំងណាស់នៅពេលនេះ ប៉ុន្តែ បងប្អូននៅក្នុងប្រទេសមិនគួរត្រូវបានគេបោកប្រាស់ នៅពេលដែលខ្លួនកំពុងស្ថិតនៅទីនេះ ប៉ុន្តែខ្ញុំគ្រាន់តែសូមអំពាវនាវចំពោះបងប្អូនកុំដើរឆ្លងផុតបន្ទាត់ក្រហម ឈានទៅដល់ការផ្តួលរំលំដូចដែលពួកឧទ្ទាមក្រៅច្បាប់ បានធ្វើការអំពាវនាវប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលចាប់បង្ខំឱ្យរាជរដ្ឋាភិបាល ត្រូវតែយកវិធានការចាំបាច់ ដើម្បីនឹងទប់ស្កាត់អនាធិបតេយ្យ បង្កចលាចលនៅក្នុងសង្គម»។
សម្តេចបានបន្តថា «យើងគ្មានជម្រើសទេ ជម្រើសដែលនៅសេសសល់របស់យើង គឺការពារនូវសន្តិភាព ស្ថិរភាពនយោបាយ និងជីវិតប្រជាជនយើង»។
តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា យើងហ៊ានលះបង់ទោះតម្លៃណាក៏ដោយ ដើម្បីធានាឱ្យប្រជាជនយើង រស់នៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់ពីខាងក្រៅ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាជ្ញាធរ បានស្គាល់អត្តសញ្ញាណនៃសមាជិកនៅក្នុងគ្រុប «រួបរួមដើម្បីជាតិ»អស់ហើយ ដូច្នេះ សម្តេចបានស្នើកុំភ័ន្តច្រឡំថា រាជរដ្ឋាភិបាលមិនដឹងសកម្មភាពអ្វីឱ្យសោះ។
«សូម្បីតែខ្ញុំក៏អង្គុយស្តាប់ ហើយបានមើលសាររបស់អ្នកទាំងអស់គ្នា ដែលបានបញ្ចេញមក ប៉ុន្តែសារដែលបានបញ្ជូនមកពីខាងក្រៅ គឺបានញុះញង់ឱ្យបងប្អូននៅខាងក្នុងប្រទេសទទួលយកការវិនាសមួយដែលពិបាកនឹងស្រោចស្រង់»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ជុំវិញការស្តាប់សាររបស់ក្រុមប្រឆាំង, ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការបញ្ចេញសារសំឡេងរបស់សម្តេចឱ្យបងប្អូននៅក្នុងគ្រុប «រួបរួមដើម្បីជាតិ» ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដឹង គឺមិនមែនជាការគំរាមកំហែងនោះទេ ក៏ប៉ុន្តែ គឺជាការនិយាយដោយបញ្ជាក់ច្បាស់ៗអំពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជន។ រដ្ឋាភិបាលមិនអាចទុកឱ្យមនុស្សប៉ុន្មាននាក់ បំផ្លាញសេចក្តីសុខរបស់ប្រជាជន ១៧លាននាក់ បានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សូមបងប្អូនកុំប្រៀបធៀបកម្ពុជា ទៅជាមួយនឹងបង់ក្លាដេសឱ្យសោះ ប្រហែលជាបងប្អូនយល់ច្រឡំជាមួយនឹងសភាពការណ៍កម្ពុជា និងភាពការណ៍បង់ក្លាដេស ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងទៅដោយប្រការណាមួយបងប្អូនអាចរងនូវគ្រោះថ្នាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿងនេះវាមិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណាក៏ដោយ ដោយតម្លៃណាក៏ដោយ បងប្អូនមានត្រឹមប៉ុន្មាននាក់ ដើម្បីបំផ្លាញនៅសន្តិភាពសម្រាប់ប្រជាជនរាប់លាន់នាក់ មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមកបាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំ។
សម្តេចតេជោ បានបញ្ជាក់ថា បន្ទាត់ក្រហមនៅទីនេះ គឺមានរដ្ឋធម្មនុញ្ញចែងហើយអំពីបញ្ហាសិទ្ធិបញ្ចេញមតិ យើងទទួលយកនៅកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី។ យើងកង្វល់អំពីបងប្អូនស្តីអំពីឯករាជ្យ អធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវតែមើលឱ្យច្បាស់ទៅនឹងសភាពការណ៍ តើវាដូចអ្វីដែលពួកប្រឆាំងនៅបរទេសកំពុងតែញុះញង់ធ្វើនោះទេ៕