(សៀមរាប)៖ អង្គភាពនគរបាលការពារ បេតិកភណ្ឌប្រចាំតំបន់អង្គរ បានទទួលរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ពីអគ្គស្នងការនគរបាលជាតិ ដើម្បីប្រើជាប្រយោជន៍ការងារ ការពារទប់ស្កាត់ហានីភ័យក្នុងតំបន់អង្គរ។
លោកឧត្តមសេនីយ៍ទោ សម វណ្ណវីរៈ ប្រធាននាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញាថា រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងនេះ នឹងរួមចំណែកធ្វើឲ្យការងារបង្ការ ទប់ស្កាត់គ្រោះមហន្តរាយ ពិសេសភ្លើងឆេះព្រៃក្នុងតំបន់អង្គរ ដែលធ្លាប់កើតមានឡើងនោះ កាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ការទទួលបាននូវរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងនេះ គឺបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់់ គិតគូរពីសំណាក់ថ្នាក់ដឹកនាំ អគ្គនគរបាលជាតិ ពិសេសសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះកម្លាំងនគរបាលដែលកំពុងតែ ប្រតិបត្តិការការងារការពារ សម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ៕