(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានព្រមានដល់អ្នកដែលចង់ធ្វើបាតុកម្ម និងអ្នកដែលចូលរួមជាមួយក្រុម «រួបរួមគ្នាដើម្បីជាតិ» ត្រូវបញ្ឈប់គំនិតនេះ ហើយត្រូវដកខ្លួនចេញឱ្យឆាប់ បើមិនចង់ជាប់ទោសទេនោះ។
ជាមួយគ្នានេះ សម្តេចបញ្ជាក់ថា ក្នុងគ្រុប Telegram ដែលមានឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» ត្រូវបានសម្តេច និងកម្លាំងកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាអស់ហើយ។
សម្តេចបញ្ជាក់ថា គ្រុប Telegram ឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» នេះមានគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈកម្លាំង រាប់ទាំងកម្លាំងហិង្សាដែលប្រើប្រាស់ដោយមហាជន និងកម្លាំងប្រដាប់អាវុធដែលពួកគេបានញុះញង់។
តាមរយៈសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ម៉ោងនេះពេលនេះ ក្រៅពីអ្នកដែលត្រូវបានចាប់ខ្លួនហើយ អ្នកដែលមិនទាន់ត្រូវបានចាប់ខ្លួន យើងនឹងលើកលែងឱ្យ ប្រសិនបើអ្នកទាំងនោះដកខ្លួនចេញ ហើយឈប់ចូលរួមនៅក្នុងគ្រុប «រួបរួមគ្នាដើម្បីជាតិ» ដែលគោលដៅធំបំផុត របស់ពួកគេ គឺផ្តួលរំលំរាជរដ្ឋាភិបាល»។
សម្តេចលើកឡើងទៀតថា អ្នកចង់ផ្តួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែរាជរដ្ឋាភិបាល មានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ផងដែរ ដើម្បីរាជរដ្ឋាភិបាលស្របច្បាប់ ការពារប្រជាជនវិញ។
សម្តេចបញ្ជាក់ថា ប្រសិនបងប្អូនប្រជាពលរដ្ឋ មិនយល់អំពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម អាចចូលមើលឯកសារក្នុងគេហទំព័រក្រសួងពាណិជ្ជកម្មបាន។
សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីរបស់ ៤ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ទៅក្នុងការអភិវឌ្ឍរួមទេ ឬរកស៉ីចូលហ៊ុនគ្នានោះទេ គឺធ្វើក្នុងកម្រិតកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ៕