(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាមិនបានដាក់ដីទាំង៤ខេត្ត រួមមានស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ ក្នុងតំបន់ត្រីកោណនោះទេ ប៉ុន្តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នា ដោយសូមបែងចែកឱ្យច្បាស់រវាងការអភិវឌ្ឍរួម និងសហប្រតិបត្តិការ។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចបានចេញសារពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនបានដាក់ដីរបស់យើង ៤ខេត្ត ទៅក្នុងការអភិវឌ្ឍរួមទេ ហើយក៏គ្មាននរណាគេធ្វើអញ្ចឹងដែរនៅលើពិភពលោក ប៉ុន្តែយើងធ្វើក្នុងកម្រិតកិច្ចសហប្រតិបត្តិការ យើងមិនបានយកខេត្តរបស់យើងទៅដាក់រួម ក្នុងតំបន់ត្រីកោណនោះទេ ដីយើង យើងអភិវឌ្ឍដោយទឹកប្រាក់របស់យើង ដីយើង យើងអភិវឌ្ឍដោយយើងរកជំនួយ និងប្រាក់កម្ចីពីបរទេសមកអភិវឌ្ឍន៍នៅលើដីយើង នៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគាត់រកប្រាក់របស់គាត់មកដាក់អភិវឌ្ឍន៍នៅដីរបស់គាត់ ដោយទៅរកជំនួយ និងប្រាកម្ចីពីប្រទេសផ្សេង។ គឺគ្មានការចែកផលរួមនៅទីនេះទេ»

ទន្ទឹមគ្នានេះ សម្តេចបានបញ្ជាក់ផងដែរថា ប្រទេសនីមួយៗ អនុវត្តនូវច្បាប់រៀងៗខ្លួន ដោយការឆ្លងកាត់ព្រំដែនរបស់ប្រជាជននៃប្រទេសទាំង៣ មិនអាចធ្វើតាមរបៀបខុសច្បាប់នោះទេ ប៉ុន្តែក្នុងកិច្ចសហប្រតិបត្តិការនេះ ភាគីខាងឡាវ និងវៀតណាម អាចឆ្លងមកធ្វើទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា ក៏អាចឆ្លងទៅទេសចរណ៍ នៅប្រទេសវៀតណាម ដោយមានការសម្រួលគ្នាទៅវិញទៅមក និងមានបែបបទច្បាស់លាស់ទៅវិញទៅមក ដែលមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា «បងប្អូនមួយចំនួនបានទាមទារឱ្យដកខេត្តទាំង៤ ចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួម ខ្ញុំបានប្រាប់ហើយ គ្មានការអភិវឌ្ឍរួម ប៉ុន្តែមានតែកិច្ចសហប្រតិបត្តិការ បើមានកិច្ចសហប្រតិបត្តិការ តើយើងត្រូវដាក់កាំភ្លើងបាញ់គ្នារាល់ថ្ងៃរវាងកម្ពុជា-វៀតណាម រវាងកម្ពុជា-ឡាវ ឬយ៉ាងណា? យើងត្រូវតែមានមិត្តភាពជិតខាងល្អ ហើយខិតខំបោះបង្គោលតាមព្រំដែនឱ្យបានចប់ ហើយស្រេច ដែលបាននិងកំពុងបោះ ដែលនៅសល់១៦ភាគរយទៀត ហើយយើងក៏ត្រូវធ្វើការអភិវឌ្ឍនៅក្នុងទឹកដីប្រទេសរបស់យើង ដើម្បីឱ្យប្រជាជនយើង មានលទ្ធភាព ក្នុងការការពារដីធ្លីទ្រព្យសម្បត្តិ របស់គាត់នៅតាមព្រំដែន»

ជុំវិញការទាមទារឱ្យរបង សម្តេចបានពន្យល់ថា រវាងការចំណាយថវិកាធ្វើបង បើសិនយកថវិកាទៅធ្វើផ្លូវល្អៗ ជួយអភិវឌ្ឍន៍ផ្ទះប្រជាជននៅតាមព្រំដែនឱ្យ កាន់តែប្រសើរឡើង ធ្វើសាលារៀន និងមន្ទីរពេទ្យ គឺជាជម្រើសត្រឹមត្រូវជាង។ ហើយការបង្កើនផលិតទំនិញឱ្យបានច្រើន ដើម្បីនាំចេញទៅប្រទេសវៀតណាម ប្រទេសឡាវ និងថៃ នេះហើយ គឺជារបៀបអភិវឌ្ឍន៍ដ៏ល្អមួយ៕