(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាថា ចិត្តដែលស្ងប់ គឺចិត្តដែលបានអប់រំ ហើយបើចិត្តដែលបានអប់រំ តែងតែនាំមកនូវសេចក្តីសុខ។ ចំណែកឯចិត្តដែលមិនបានអប់រំ តែងតែនាំមកនូវសេចក្តីទុក្ខ។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានមានសង្ឃដីកាបែបនេះ ក្នុងវគ្គសំណួរ-ចម្លើយ ក្នុងវេទិកា សាសនាសន្តិភាពផ្លូវចិត្ត នៅសណ្ឋាគារ ហៃយ៉ាត់ (HYATT REGENCY PHMOM PENH) នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ដែលវេទិកានេះ ត្រូវបានធ្វើឡើងដើម្បីចូលរួមលើកស្ទួយការអប់រំផ្លូវចិត្តរបស់មនុស្សទូទៅ តាមរយៈព្រះពុទ្ធោវាទ ដែលជាមាគ៌ាដ៏សំខាន់របស់ព្រះពុទ្ធសាសនា។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានមានសង្ឃដីកាលើកឡើងថា និយាយពីចិត្តនេះមិនងាយគ្រប់គ្រងទេ។ យ៉ាងណាក្តី ព្រះពុទ្ធ មានពុទ្ធដីកាថា ចិត្តនេះពិបាក តែមិនដល់ថ្នាក់ពិបាករហូតដល់អប់រំមិនបានទេ។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានមានសង្ឃដីកាបញ្ជាក់យ៉ាងដូច្នេះថា «យើងរៀនអប់រំចិត្តឲ្យមានសន្តិភាព ព្រះពុទ្ធសម្តៅដល់ សេចក្តីស្ងប់។ ព្រះពុទ្ធសម្តែងថា ចិត្តដែលស្ងប់ហើយ ចិត្តដែលអប់រំល្អហើយ តែងមកនូវសេចក្តីសុខ។ ចិត្តមិនបានអប់រំ តែងនាំមកនូវទុក្ខ»។
បើតាមសង្ឃដីកាសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត, ទាក់ទងនឹងសន្តិភាពផ្លូវចិត្តនេះ ព្រះពុទ្ធ មានពុទ្ធដីកាថា ចិត្តយើងរូបរាងដូចស្វា ហើយធម្មជាតិរបស់ស្វា វាមិនស្ងៀមទេ។ អ្វីដែលអស្ចារ្យ មនុស្សយើងខ្លាំង ទោះចិត្តនោះយ៉ាងម៉េច ក៏មនុស្សអាចអង្គុយស្ងៀម ហើយស្តាប់ពីធម៌បាន ដូចក្នុងវេទិកានេះ។
ជាមួយគ្នានេះ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាថា ការចេះថ្លឹងថ្លែង នាំឲ្យចិត្តស្ងប់។ បើនរណាម្នាក់ នៅមានគិលេសច្រើន បុគ្គលនោះកើតទុក្ខក៏ច្រើនដែរ។ បើបុគ្គលណាម្នាក់ យល់ពីដំណើរនៃកម្មផល ក្នុងជីវិតគ្មានរឿងអ្វីជារឿងចៃដន្យ បុគ្គលនោះនឹងមានសេចក្តីសុខ។
ព្រះអង្គបានលើកឧទាហរណ៍ថា «បើយើងធ្វើស្រែ ១០ហិកតា ច្បាស់ជាបានផល ១០ហិកតា។ បើយើងរកស៊ីធំ បានចំណូលច្រើន។ យើងត្រូវសំលឹងមើលរឿងដោយបញ្ញា»។
ក្នុងន័យនេះ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព បានផ្តល់ជាគំនិតថា ក្នុងខណៈណាក៏ដោយ នៅពេលជួបបញ្ហា ត្រូវធ្វើចិត្តឲ្យស្ងប់ កុំពុះកញ្ច្រាលខ្លាំង ហើយត្រូវចេះប្រឹងប្រែងដោះស្រាយ ធ្វើឲ្យអស់លទ្ធភាព។ បើដោះស្រាយមិនចេញ ត្រូវព្រមដោះលែង ហើយបណ្តោយតាមយថាកម្ម។
ក្នុងឱកាសនោះដែរ លោកស្រី ឧកញ៉ា មហាឧបាសិកា កែវ មុំ ប្រធានសភាពមុខបរ CPMEX បានចែករំលែកពីការបង្កើនផលិតភាព នៅក្នុងដំណើរការអាជីវកម្ម។ លោកស្រី បានលើកឡើងថា ការធ្វើការដោយសេចក្តីស្ងប់ ផលិតភាពការងារនឹងកើនឡើង។
លោកស្រី ឧកញ៉ា មហាឧបាសិកា កែវ មុំ បានបញ្ជាក់ថា «ខ្ញុំផ្ទាល់ ជួបបញ្ហាសព្វគ្រប់បែបយ៉ាង ទម្រាំដើរមកដល់ទីនេះ ឥលូវនេះ។ នៅពេលជួបហើយ យើងស្វែងរកវិធីដោះស្រាយ ហើយយើងចាត់ទុកថា វាមិនមែនជាបញ្ហាទេ វាជាមេរៀន។ យើងចាត់ទុកថា ជាការប្រលងដើម្បីឡើងថ្នាក់។ តាមរយៈការស្តាប់ព្រះធម៌ នៅពេលជួបបញ្ហា យើងព្រមទទួល ចុងក្រោយយើងមានសេចក្តីសុខ»។
បើតាមលោកស្រី ឧកញ៉ា មហាឧបាសិកា កែវ មុំ, នៅពេលបុគ្គលិកមានបញ្ហា លោកស្រីមិនដាក់សម្ពាធឲ្យខ្លួនឯងទេ។ នៅពេលដាក់សម្ពាធដល់ខ្លួនឯង យើងនឹងនិយាយមក ហើយលោកស្រី បានដោះលែងខ្លួនឯង មិនឲ្យមានសម្ពាធ ព្រោះថានៅពេលមិនមានសម្ពាធ ការចែករំលែកនូវក្តីស្រលាញ់ ធ្វើឲ្យសម្តី និងកាយវិការក៏ល្អ ដែលនាំឲ្យបុគ្គលិកធ្វើតាមការណែនាំ។
ក្នុងនាមជាបថុជ្ជន ដែលមានសាច់ និងឈាម លោកស្រី ឧកញ៉ា មហាឧបាសិកា កែវ មុំ ក៏នៅតែមានការប្រកាន់ខឹង តែលោកស្រីចេះរក្សាអារម្មណ៍។ លោកស្រីបានផ្តល់យោបល់ថា នៅពេលជួបរឿងអ្វីមួយ យើងសួរខ្លួនឯងថា យើងជាក្មេង ឬមនុស្សធំហើយ។ បើយើងជាក្មេង កាលណាវាយទៅស្រែកយំ តែបើយើងជាមនុស្សធំ យើងនឹងចេះធ្វើអារម្មណ៍។
ចំណែកឯ លោក នឹម ឈុន្នី ប្រធានក្រុមហ៊ុន វិបស្យា បានលើកឡើងថា សភាវៈចិត្ត គ្មានរូបរាង និងក្លិន។ នៅពេលសួរថា តើគេកសាងថាមពលចិត្តដោយវិធីណា, លោកឆ្លើយថា ក្នុងមួយថ្ងៃទទួលទានអាហារ ៣ពេល និងដុសធ្មេញ ២ពេល អីចឹង ចិត្តយើងត្រូវការសម្អាតដូចគ្នា។ ជារួម ត្រូវសម្អាតចិត្ត តាមរយៈធ្វើសមាធិ និងកម្សាន្តអារម្មណ៍ ដើម្បីឲ្យវាមានថាមពល។
សូមជម្រាបថា វេទិកា សាសនាសន្តិភាពផ្លូវចិត្ត ត្រូវបានរៀបចំឡើងលើកដំបូង ដោយពុទ្ធិកសមាគមកម្ពុជរដ្ឋ និងក្រុមហ៊ុន នំស្រួយ លីលី ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយព្រះប្រធាន ព្រះសិរីកោល សុំ សុខា។
សមាគមនេះ គឺជាអង្គការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារមនុស្សធម៌ នៅក្នុងសង្គមពុទ្ធសាសនិកកម្ពុជា និងជាផ្នែក១ ដ៏សំខាន់របស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តាំងពីដើមរៀងរហូតមក ជាពិសេសនោះ ព្រះមហាក្សត្រ និង ព្រះមហាក្សត្រីយ៍ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ក៏ទ្រង់សព្វព្រះរាជហឬទ័យ យាងប្រថាប់ជាព្រះរាជាធិបតីកិត្តិយសនៃសមាគមនេះ ជាដរាបរៀងរហូតមកដល់បច្ចុប្បន្ន៕