(តាកែវ)៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិត សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ នៅប្រឡាយ១៥ (ដោយជិះអូប័រ) នៅស្រុកអង្គបូរី ខេត្តតាកែវ ។
នៅថ្ងៃស្អែក ទី១៣ ខែសីហា ឆ្នាំ២០២៤ លោករដ្ឋមន្រ្តី និងគណៈប្រតិភូ នឹងត្រូវចុះពិនិត្យទីតាំងតម្រាយផ្លូវទឹក ព្រែកជីកហ្វូណនតេជោ ចេញទៅសមុទ្រកែប និងទីតាំងគំរូកំណត់និយាមកានៅឆ្នេរអង្កោល ទីរួមខេត្តកែប។
បេសកកម្មនេះ ធ្វើឡើងដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ថា តម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោ ពិតជាធ្វើតាមផ្លូវទឹកចាស់ៗ ដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្តគ្រោងឱ្យបានលឿនទៅមុខ និងទាន់ពេលវេលា៕