(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាងារការជាមួយ លោក Ahmad Fahmi Mohd Samsudin ប្រធានចលនាយុវជនឥស្លាមម៉ាឡេស៊ី (ABIM) នៅវិមានសន្តិភាព។
ជំនួបនេះ មានគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការងារនាពេលខាងមុខរវាង CMYA និង ABIM លើកិច្ចការមនុស្សធម៌ អប់រំ យុវជន និងផ្សេងៗ។
លោក អូស្មាន ហាស្សាន់ បានជម្រាបជូនពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លើសពីនេះទៅទៀត សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។
លោកបណ្ឌិតបានបន្ដថា កន្លងមកសាកលវិទ្យាល័យមួយចំនួននៅម៉ាឡេស៊ី បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សាលើមុខជំនាញផ្សេងៗ ទាំងផ្នែកសាសនា និងវិទ្យាសាស្ត្រ។ លោកថាការងារអភិវឌ្ឍន៍សមត្ថភាពយុវជន កម្ពុជាបាននិងកំពុងរៀនបទពិសោធន៍ពី ចលនាយុវជនម៉ាឡេស៊ី ខណៈចលនាយុវជនម៉ាឡេស៊ីនេះ ជាអង្គការដែលមានវ័យចំណាស់ និងមានថ្នាក់ដឹកនាំ សុទ្ធសឹងតែជាអ្នកមានតួនាទីខ្ពស់ៗ ក្នុងជួររាជរដ្ឋាភិបាលម៉ាឡេស៊ី។
លោក Ahmad Fahmi Mohd Samsudin បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់សិទ្ធសេរីភាពដល់សាសនិកឥស្លាមកម្ពុជា និងបានផ្តល់គោលនយោបាយ លើកកម្ពស់សហគមន៍ឥស្លាមកម្ពុជា។
ជាមួយគ្នានេះ លោកបានរំលេចពីសកម្មភាពរបស់ ABIM ដែលភាគច្រើនផ្តោតលើការងារអភិវឌ្ឍយុវជន និងការងារមនុស្សធម៌ ជាក់ស្តែងកន្លងមក ABIM បានផ្តល់ជំនួយដល់ជនរងគ្រោះនៅតំបន់ហ្គាហ្សា និងមានសកម្មភាពជាច្រើនទៀត។ ដោយឡែកនៅកម្ពុជា ABIM បានចុះអនុស្សានយោបយល់គ្នា (MoU) ជាមួយអង្គការសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការងារអភិវឌ្ឍយុវជន អប់រំ និងផ្សេងៗទៀត។
សូមជម្រាបថា ABIM ជាអង្គការផ្តោតលើការងារយុវជន វិស័យអប់រំ និងផ្សេងៗទៀត ដ៏លេចធ្លោ មួយនៅប្រទេសម៉ាឡេស៊ី ដែលកន្លងមកសុទ្ធសឹងតែមានថ្នាក់ដឹកជាមន្ត្រីជាន់ខ្ពស់ ក្នុងរាជរដ្ឋាភិបាលម៉ាឡេស៊ី ជាស្ថាបនិក ក្នុងនោះ ក៏មាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្ន លោក Anwar Ibrahim ធ្លាប់ជាប្រធានចលនាយុវជនម៉ាឡេស៊ីនេះផងដែរ ខណៈអង្គការនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៧១៕