(កំពត)៖ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីសាលាស្រុក និងក្រុមយុវជន ស.ស.យ.ក ស្រុក ប្រមាណ៤០នាក់ ទៅបរិច្ចាគឈាមនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ស្ថិតក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។
នាឱកាសបរិច្ចាគឈាម នៅមន្ទីរពេទ្យខាងលើ លោកអភិបាលស្រុកទឹកឈូ បានថ្លែងថា ពាក់ព័ន្ធការបរិច្ចាគឈាមនេះ ដើម្បីឆ្លើយតបក្នុងយុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» គោលបំណងផ្តល់ឈាមផង និងផ្សព្វផ្សាយ ឲ្យការបរិច្ចាគឈាម ក្លាយទៅជាទម្លាប់ប្រពៃណី និងជាវប្បធម៌ជួយសង្គ្រោះជីវិតមនុស្សផង ពិសេសធ្វើឲ្យពលរដ្ឋឈប់ព្រួយបារម្ភ និងភ័យខ្លាច ចំពោះការបរិច្ចាគឈាម។
ទន្ទឹមនេះ លោកអភិបាលស្រុកទឹកឈូ ក៏បានអំពាវនាវដល់ពលរដ្ឋពាក់ព័ន្ធទាំងអស់ឲ្យចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាសំខាន់។ ក្នុងនាមអាជ្ញាធរស្រុក លោកនឹងត្រៀមខ្លួនជាស្រេច ដើម្បីសហការ ជាមួយបណ្ដាមន្ទីរពេទ្យដទៃទៀត ដែលអាចធ្វើទៅបានឲ្យដូចទៅនឹងមន្ទីរពេទ្យ អនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល នាពេលនេះ យ៉ាងដូច្នេះដែរ ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ហើយម្យ៉ាងទៀត ឈាមមិនអាចលក់ដូរបាននៅលើទីផ្សារដូចឧបករណ៍ សម្ភារផ្សេងៗទៀតនៅឡើយ។
លោកបានបន្តថា ការបរិច្ចាគឈាមនេះ គឺជាយុទ្ធនាការមួយ ដើម្បីផ្តល់ឈាមផង និងដើម្បីផ្សព្វផ្សាយជំរុញឲ្យការបរិច្ចាគឈាម ក្លាយទៅជាទម្លាប់ ប្រពៃណី និងជាវប្បធម៌ ជួយសង្គ្រោះជីវិតមនុស្សផង។
អ្នកស្រីប្រធានមន្ទីរពេទ្យអនុវស្សារីយ៍ ស៊ុនយ៉ាឃៀលខេត្តកំពត បានលើកឡើងថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ដោយសារមុននឹងបរិច្ចាគ ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យ និងពិគ្រោះសុខភាពយ៉ាងដិតដល់ ដើម្បីធានាថា អ្នកមកបរិច្ចាគគ្មានបញ្ហាសុខភាព។
អ្នកស្រីប្រធានមន្ទីរពេទ្យខាងលើ បានបន្តថា បច្ចុប្បន្ននៅមន្ទីរពេទ្យ ត្រូវការឈាមច្រើន ដើម្បីយកទៅសង្គ្រោះជីវិតអ្នកជំងឺ ដែលបាត់បង់ឈាមច្រើន ដូចជាអ្នកគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺវះកាត់ស្ត្រីមុន និងក្រោយពេលសម្រាលកូនជាដើម។
ម៉្យាងទៀតការចូលរួមបរិច្ចាគឈាមរបស់មន្ត្រីរដ្ឋបាលស្រុកទឹកឈូ នាពេលនេះ ជាគំរូដ៏ល្អមួយ ដល់ប្រជាពលរដ្ឋខ្មែរ។ ហើយលោកស្រីសូមអំពាវនាវឲ្យប្រជាពលរដ្ឋ មន្ទីរ អង្គភាព ស្ថាប័នទាំងរដ្ឋ និងឯកជន សូមចូលរួមបរិច្ចាគឈាមឲ្យបានកាន់តែច្រើន។
បើតាមការបញ្ជាក់របស់លោកស្រីប្រធានមន្ទីរពេទ្យ អនុស្សាវរីយ៍ ស៊ុន យ៉ាឃៀល ថា ចំនួនអ្នកមកបរិច្ចាគឈាម មានការកើនឡើង នាពេលបច្ចុប្បន្ន ហើយក្នុងមួយឆ្នាំមន្ទីរពេទ្យ ទទួលបានអ្នកបរិច្ចាគឈាមជាង៣០០នាក់។ ហើយចំពោះឈាមដែលបូមពីអ្នកបរិច្ចាគ នឹងត្រូវយកទៅពិនិត្យនៅមន្ទីរពិសោធម្តងទៀត ដើម្បីពិនិត្យមើល ថាតើក្នុងឈាមនោះមានជំងឺអ្វីដែលឬអត់? ក្នុងករណីមានជំងឺ ឈាមនោះមិនត្រូវបានយកមកប្រើប្រាស់នោះទេ គឺយកទៅបោះចោលតែម្ដង៕