(សៀមរាប)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងតំបន់រមណីដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ រយៈពេល២ថ្ងៃ នៅថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប។
ពិធីនេះ មានការចូលរួមពីឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា, តំណាង ICC-Angkor និងថ្នាក់ដឹកនាំមន្រ្តីរាជការជុំវិញខេត្ត កម្លាំងសមត្ថកិច្ច ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ១០០០នាក់ផងដែរ។
ក្នុងឱកាសនោះ លោក ប្រាក់ សោភ័ណ បានលើកឡើងថា ខេត្តសៀមរាបមានផ្ទៃក្រឡាចំនួន១១២,៩៩៣,៤គីឡូម៉ែត្រក្រឡា និងមានក្រុង២ និងស្រុកចំនួន១១ មានសង្កាត់ចំនួន១៤ និងឃុំចំនួន៨៦ និងភូមិចំនួន៩១០ ដែលមានប្រជាបលរដ្ឋរស់នៅអចិន្រ្តៃយ៍ជាង១លាននាក់។ ខេត្តសៀមរាប គឺជាតំបន់ទេសចរប្រវត្តសាស្រ្ត ដែលត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាតំបន់ប៉ូលទី២មានការអភិវឌ្ឍវិស័យទេសចរ និងជាឃឿនសេដ្ឋកិច្ចដ៏សំខាន់។
លោក ប្រាក់ សោភ័ណ បានបន្តថា ក្រោយវិបត្តិកូវីដបានធូរស្រាល សង្កេតឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាក្នុងខេត្តសៀមរាបកើនឡើងគួរឲ្យកត់សម្គាល់ ដែលមានប្រមាណ១៤៣,៩៧០,០ ក្នុងនោះមានភ្ញៀវអន្តរជាតិ ដែលបានទិញសំបុត្រចូលទស្សនាប្រាសាទអង្គរចំនួន៥៨៤,៣៧៥នាក់ នៅដើមឆ្នាំ២០២៤នេះ។ លោកបន្តថា ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរដែលបានចូលមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើង រដ្ឋបាលខេត្តបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍ធំៗ ដូចជា៖ ព្រឹត្តិការណ៍អង្ករសង្រ្តាន្ត, បុណ្យអុំទូកនិងសំពះព្រះខែ, ឆ្លងឆ្នាំសកល, ទេសចរណ៍កីឡា និងទេសចរណ៍សាសនាផងដែរ។
លោកបន្តទៀតថា ខេត្តសៀមរាប គឺជាតំបន់ទេសចរដ៏មានសក្តានុពល ដោយសារមានតំបន់រមណីដ្ឋានអង្គរដែលមានផ្ទៃដីសរុប៤០១ម៉ែត្រក្រឡា និងចែកចេញជា២តំបន់ គឺតំបន់១ និងតំបន់២ ដែលស្ថិតនៅក្នុងដែនដីរដ្ឋបាលក្រុង\ស្រុកចំនួន៦ មានដូចជា៖ ក្រុងសៀមរាប, ក្រុងរុនតាឯកតេជោសែន, ស្រុកពួក, ស្រុកប្រាសាទបាគង, ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ស្មើរនឹង២៥ឃុំ\សង្កាត់ មាន១១៤ភូមិ ដែលមានក្បាលដីសរុបចំនួន៩៧៩១៣ក្បាលដី។ តំបន់១មានក្បាលដីចំនួន៤៦,១២២ក្បាលដី ដែលក្នុងនោះ ក្បាលដីមានសំណង់មានចំនួន២១,១៤៥ក្បាលដី និងបានស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកដីឡូតិ៍៤៥៣១ក្បាលដី និងតំបន់២មនចំនួន៥១៧៩១ក្បាលដី ដែលក្នុងនោះ ក្បាលដីមានសំណង់មានចំនួន១៨៧០៩ក្បាលដី និងបានស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកដីឡូតិ៍១៨៣១។
លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា បានលើកឡើងថា រយៈពេល៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយជប៉ុន បារាំង និងបណ្ដាប្រទេសចំនួន៣៧ផ្សេងទៀត ដែលចូលរួមពិនិត្យនិងផ្ដល់យោបល់ជាប់ជាប្រចាំនៅក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ នៅតំបន់អង្គរនិងតំបន់ដែលពាក់ព័ន្ធ ធ្វើឱ្យទទួលបានភាពជោគជ័យនិងការកាត់បន្ថយបញ្ហាប៉ះពាល់នានាជាច្រើនមកលើតម្លៃដ៏មហាសាលនៃអង្គរ ព្រមទាំងរក្សាបាននូវតម្លៃលេចធ្លោជាសកល។
លោកជំទាវបណ្ឌិតសុភាចារ្យ បានបន្តថា ទន្ទឹមនិងភាពជោគជ័យនេះ បញ្ហាប្រឈមជាច្រើនក៏នៅតែកើតមាន ទៅលើការងារគ្រប់គ្រងតំបន់អង្គរផងដែរ ដូចជា ការសឹករិចរិលរបស់ប្រាង្គប្រាសាទបុរាណ ដោយសារកម្ដៅថ្ងៃនិងអាកាសធាតុ លំហូរភ្ញៀវទេសចរច្រើន ឧបសគ្គនៃការថែរក្សា ការពារ ទំនៀមទម្លាប់ប្រពៃណី និងជំនឿរបស់អ្នកស្រុកអង្គរ ការទន្ទ្រានយកដីធ្លី ព្រមទាំងការសាងសង់សំណង់ខុសច្បាប់ក្នុងតំបន់ការពារ នៅតែមានការកើនឡើងនៅឡើយ។
ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានលើកឡើងថា អ្នកពាក់ព័ន្ធអាចស្វែងយល់បន្ថែមទៀត អំពីតួនាទី ភារកិច្ចរបស់យើងទាំងអស់គ្នាក្នុងការចូលរួមការពារ ថែទាំ អភិរក្ស តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិកម្ពុជាទាំងមូល។ តាមរយៈវេទិការនេះ ភាគីពាក់ព័ន្ធទាំងអស់ អាចចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីរួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីគ្នា ធ្វើយ៉ាងណារក្សាការពារ រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ឱ្យបានគង់វង្សយូរអង្វែង។
ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានបន្តថា ទន្ទឹមនឹងជោគជ័យជាច្រើននាពេលកន្លងមក រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក៏មានបញ្ហាប្រឈមមួយចំនួន ដូចជា៖ សភាពទ្រុឌទ្រោម និងផុយស្រួយ ដោយសារអាយុកាលច្រើន, ការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ បានក្លាយជាក្តីកង្វល់រួមរបស់យើង ទាំងអស់គ្នា និងត្រូវរួមគ្នារិះរកដំណោះស្រាយផងដែរ៕