(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា ការច្រៀងរបស់លោក វណ្ណដា (Vann Da) តារាចម្រៀងរ៉េបរបស់កម្ពុជា ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍ ប្រទេសបារាំង ជាវត្តមានគួរឲ្យភ្ញាក់ផ្អើល។
សារមួយនេះត្រូវបានបង្ហាញឡើងបន្ទាប់ពីលោក វណ្ណដា បានឡើងច្រៀងលើឆាកដ៏ធំ នៅប្រទេសបារាំង ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ ២០២៤ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
ក្រសួងវប្បធម៌ បានថ្លែងសារយ៉ាងដូច្នេះថា «វណ្ណដា! តារាចម្រៀងរេបកម្ពុជាដ៏ល្បីឈ្មោះ បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍២០២៤ ដោយបានបកស្រាយចម្រៀងបទ Time To Rise។ ឈ្មោះរបស់ វណ្ណាដា នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក!»។
សូមជម្រាបថា លោក វណ្ណដា បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។ ការបង្ហាញខ្លួនរបស់តារាកម្ពុជា លើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ការបង្ហាញរបស់ វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។
ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕