(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងសារអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់ នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ។
តាមរយៈបណ្តាញសង្គមផ្លូវការ, សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមសម្តែងនូវការអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ»។
បើតាមសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ព្រមជាមួយគ្នានេះ បារាំងក៏បានផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជា បានទៅចូលរួមប្រកួត ការស្នាក់នៅ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពផងដែរ។ អ្វីដែលពិសេសការផ្តល់កិត្តិយសសម្រាប់សិល្បករកម្ពុជា លោក វណ្ណដា ក្នុងការសម្តែងបទចម្រៀងនាពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលបានផ្តល់នូវកិត្តិយស និងបង្ហាញពីសិល្បៈកម្ពុជា ទៅកាន់ពិភពលោក។
សូមជម្រាបថា ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ២០២៤ សហរដ្ឋអាមេរិក បានទទួលមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) តាមពីក្រោយដោយប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)៕