(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់ក្រុមជនអគតិមួយចំនួន ដែលបានយករូបយោធិន និងស្លាកសញ្ញា នៃកងរាជអាវុធហត្ថ ដែលកំពុងបំពេញតួនាទីភារកិច្ច ទៅបង្ហោះភ្ជាប់ជាមួយសារញុះញង់ប្រឆាំងរាំជរដ្ឋាភិបាល។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ទុកថា នេះជាទង្វើដ៏ថោកទាបបំផុត មិនអាចទទួលយកបានឡើយ។ លោកបានអះអាងថា កងរាជអាវុធហត្ថមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្រអនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់។
លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់យ៉ាងដូច្នេះថា៖
«អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា តាមការសង្កេតតាមដាននាពេលកន្លងមកនេះ ទោះបីកងរាជអាវុធហត្ថ បានប្រកាសព័ត៌មាន និងធ្វើការអំពាវនាវឲ្យគោរពច្បាប់យ៉ាងណាក៏ដោយ នៅតែមានបុគ្គលថោកទាប ពួកប្រតិកិរិយាមួយចំនួនប្រើ ឧបាយកលដ៏ពិសពុល យកស្លាកសញ្ញា និងរូបភាពរបស់យោធិន នៃកងរាជអាវុធហត្ថ ដែលបាននិងកំពុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនទៅបង្ហោះផ្សព្វផ្សាយ ដោយភ្ជាប់នឹងខ្លឹមសារមានអត្ថន័យញុះញង់ ប្រឆាំងនឹងរាជរដ្ឋាភិបាល។
ក្នុងគោលបំណង ដើម្បីការពារកេរ្តិ៍ឈ្មោះ កិត្តិយសរបស់កងរាជអាវុធហត្ថ ដែល មានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្រ អនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយម៉ឺងម៉ាត់បំផុត កងរាជអាវុធហត្ថសូមថ្កោលទោស និងធ្វើការស្រាវជ្រាវ អនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសដូចបានរៀបរាប់ខាងលើ»៕