(សៀមរាប)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌអង្គរ បានសហការរៀបចំដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប។
នេះ គឺជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើរការរៀបចំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្តែង ដែលមិនអាចកាត់ផ្តាច់ចេញពីដំណើររបស់កម្ពុជា ដែលជារួមអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក គ្មានប្រទេសណាដូចឡើយ។
រដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា នេះជាកិច្ចប្រជុំលើកទី១ និងមានកិច្ចប្រជុំបន្តបន្ទាប់ទៀត ដើម្បីមានការឯកភាពរួម១ ក្នុងការការពារ ថែទាំ និងអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ដែលជាមរតកវប្បធម៌ ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិកម្ពុជាទាំងមូល ជាពិសេសអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និងចក្ខុវិស័យអនាគត នៃឧទ្យានបុរាណអង្គរ។
ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ជុំវិញការអភិរក្ស និងការអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ ប្រាង្គប្រាសាទ ដែលទទួលរងនូវហានិភ័យ ហើយត្រូវបានថែរក្សានិងជួសជុលតំបន់ការពារ បរិស្ថាន ទឹក ព្រៃឈើ សហគមន៍ប្រជាជនទាំង១១២ភូមិ ដែលចាត់ទុកជាភូមិបេតិកភណ្ឌ មានការទាក់ទងនឹងការរក្សាប្រពៃណីទំនៀមទំលាប់អង្គរដែលជាតម្លៃសកលត្រូវបានថែរក្សានិងការពារយ៉ាងមុតមាំ។
លោករដ្ឋមន្ត្រី បានបន្តថាដោយឡែកធនធានមនុស្សក្នុងវិស័យអភិរក្សមានការកើនឡើង និងមានភាពរឹងមាំឈានមុខក្នុងតំបន់ ព្រមទាំងមានការទទួលស្គាល់ពីអន្តរជាតិ ដែលសមិទ្ធផលទាំងអស់នេះ មានការចូលរួមយ៉ាងសកម្មពីស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសគណ:កម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីកិច្ចគាំពារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរហៅកាត់ថា អាយស៊ីស៊ីអង្គរ ដែលមានបារាំង និងជប៉ុន ជាសហប្រធាន និងយូនីស្កូជាលេខាធិការដ្ឋាន ព្រមទាំងមានការចូលរួមពីប្រទេសជាសមាជិកចំនួន ៣៧ប្រទេសផងដែរ។
ជាមួយគ្នានេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងពីគោលដៅគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ ឱ្យបានគង់វង្សយូរអង្វែងតកូនចៅ តាមរយៈការគ្រប់គ្រងរដ្ឋបាលសាធារណៈទំនើប និងប្រជាសាស្រ្តនៅក្នុងខេត្ត។
សូមជម្រាបថា រាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិតនូវផែនការរៀបចំដែនដី ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ដោយគិតគូរពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច កិច្ចការពារបរិស្ថាន និងការការពារសម្បត្តិបេតិកភណ្ឌ ជាអាទិ៍ តាមរយៈការរៀបចំបង្កើតនូវក្រុងរុនតាឯកតេជោសែន តំបន់អភិវឌ្ឍន៍ពាក់ស្នែង និងការអភិវឌ្ឍតំបន់នានាជុំវិញតំបន់រមណីដ្ឋានអង្គរជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕