(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងសារលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា ឈ្មោះរបស់លោក វណ្ណដា (Vann Da) តារាចម្រៀងរ៉េបខ្មែរ នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្ត នៃការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
សារមួយនេះត្រូវបានបង្ហាញឡើងបន្ទាប់ពី លោក វណ្ណដា បានឡើងច្រៀងលើឆាកដ៏ធំ នៅប្រទេសបារាំង ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ ២០២៤ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
អមជាមួយរូបរបស់ វណ្ណដា ស្ថានទូតបារាំងប្រចាំកម្ពុជា បានសរសេរសារយ៉ាងដូច្នេះថា «អស្ចារ្យណាស់ Vann Da - វណ្ណដា តារារែបកម្ពុជាដ៏ល្បីឈ្មោះ បានច្រៀងនៅចំពោះមុខពិភពលោក កាលពីយប់មិញ ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ ២០២៤។ មុនពេលកម្ពុជា ដណ្តើមបានមេដាយអូឡាំពិក លើកដំបូងរបស់ខ្លួន នៅថ្ងៃណាមួយ ឈ្មោះរបស់ លោក វណ្ណដា នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក!»។
សូមជម្រាបថា លោក វណ្ណដា បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។ ការបង្ហាញខ្លួនរបស់តារាកម្ពុជា លើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ការបង្ហាញរបស់ វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។
ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
សហរដ្ឋអាមេរិក បានទទួលមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) តាមពីក្រោយដោយប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)៕