(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសតំបន់វិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នាឱកាសនោះ លោក ធឹម សំអាន បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋ ដែលបានចុះបញ្ជីកម្មសិទ្ធដីធ្លីរបស់ខ្លួន ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា មិនធ្លាប់មានសម័យណា ដែលធ្វើកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌ បានលើកឡើងថា៖ «ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានច្បាស់លាស់ មានប្រសិទ្ធិភាព និងមានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី និងធានាសុវត្ថិភាពលើដីធ្លី។ ប្រការនេះ គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់ប្រទេសជាតិ ប្រកបដោយចិរភាព និងសុខដុមរមនា»។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា កិច្ចការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ ដោយសារតែកត្តាសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វេីឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ លេីគ្រប់វិស័យ ក្នុងនោះការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ កំពុងតែធ្វេីឡេីងយ៉ាងសស្រាក់សស្រាំ នៅគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនេះ លោក ធឹម សំអាន បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ យោគយល់គ្នា សម្របសម្រួលគ្នា កុំមានបញ្ហារឿងព្រំដីជាប់គ្នា កើតជាទំនាស់រវាងគ្នា។ លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមិនត្រឹមតែផ្តល់ជូន កម្មសិទ្ធិដីស្របច្បាប់ជូនតែប៉ុណ្ណោះ។ លោកនឹងជំរុញមន្ត្រីជំនាញខណ្ឌ ចុះរៀបចំបណ្តាញលូ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឱ្យបានធំឱ្យល្អប្រសើរថែមទៀត។
នាឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានលើកដៃប្រណម ថ្លែងអំណរដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់កម្មសិទ្ធិដីជូនពួកគាត់ ដែលពួកគាត់ទន្ទឹងរង់ចាំជាយូរមកហើយ៕