(ភ្នំពេញ)៖ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញការអបអរសាទរ និងអរគុណកំពូលតារាចម្រៀងរ៉េប លោក វណ្ណដា-Vann Da ដែលបានជួយលើកតម្កើងមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។
សម្តេចធិបតីបានបង្ហោះរូបថតជាច្រើនសន្លឹករបស់តារាចម្រៀង វណ្ណដា អមដោយខ្លឹមសារទាំងស្រុងដូច្នេះថា «សូមអបអរសាទរ និងអរគុណដល់សិល្បៈករកម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»។
សូមជម្រាបថា នៅយប់មិញនេះ វណ្ណដា-Vann Da បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។
ការបង្ហាញខ្លួនរបស់តារាកម្ពុជា លើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ការបង្ហាញរបស់ វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា៕