(រតនគិរី)៖ ខេត្តរតនគិរី ជាខេត្តទី៩ ត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)។ ពិធីប្រកាសនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ពិធីបានរៀបចំហែពានជ័យលាភីអមដោយផែនមន្រី្តរាជការ ផែនកងកម្លាំងប្រដាប់អាវុធផែន ស.ស.យ.ក ផែនយុវជនកាកបាទក្រហម ផែនយុវជនស្រលាញ់សន្តិភាព ផែនជនជាតិដើមភាគតិច សរុបប្រមាណ១២ផែនចេញពីមុខ សាលាខេត្តឆ្ពោះមករង្វង់មូលនាគព័ន្ធ ក្រុងបានលុង រួចចូលមកបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តដែលជាកន្លែងប្រារព្ធពិធី។
ថ្លែងក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានសម្តែងនូវសេចក្តីរីករាយដែលខេត្តរតនគិរី ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ប្រកបដោយមោទនភាព និងកិត្តិយសដ៏ឧត្តុង្គឧត្តម។
លោក ញ៉ែម សំអឿន បានបន្តថា ជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺបានមកអាស្រ័យដោយមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសការចង្អុលបង្ហាញណែនាំពីលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដឹកនាំធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា ការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម ជាពិសេសការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការលើកកម្ពស់សុខភាព អនាម័យ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល។
លោកបានបន្ថែមថា សមិទ្ធផលនៃការបញ្ចប់បន្ទោរបង់ពាសវាលពាសកាលខេត្តរតនគិរី នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ ជាពិសេសប្រជាពលរដ្ឋខេត្តរតនគិរី បានបង្កើនលទ្ធភាពក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែលជាភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះថាបើការរស់នៅមិនមានអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ជាប្រភពនាំឱ្យកើតជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាពទាំងរូបរាងកាយ និងសតិបញ្ញាស្មារតី ជាពិសេសធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។
ស្ថានភាព នៃការបញ្ចប់បន្ទោរបង់ពាសវាលពាសកាល(ODF)ខេត្តរតនគិរី គឺជាមោទនភាពធំធេងណាស់ សម្រាប់រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋខេត្តរនគិរីទាំងមូល។ ការសម្រេចបានសមិទ្ធផលនេះ គឺពិតជាកើតឡើងដោយសារ ចូលរួមសហការគ្នាគ្រប់ភាគីពាក់ព័ន្ធក្នុងការតាំងចិត្ត ការប្តេជ្ញាចិត្ត រួមគំនិតគ្នាធ្វើ ដើម្បីទទួលបាននូវ ជោគជ័យនៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF)នាពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់បានប្តេជ្ញាចិត្តដាក់ចិត្ត ដាក់កាយមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបានលះបង់ពេលវេលា ដូចជាការគាំទ្រសម្ភារថវិកាចុះផ្ទៀងផ្ទាត់ (ODF) ការសាងសង់បង្គន់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានត្រួតពិនិត្យតាមដានជំរុញដល់រដ្ឋបាលក្រុង-ស្រុក តាមរយៈកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចវេទិកានានានៅថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់ និង អនុវត្តន៍តាមគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយមានការចូលរួមសហការពីថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមសហការរបស់ប្រជាពលរដ្ឋដែល មិនអាចខ្វះបាន ពីព្រោះថាការរស់នៅរបស់ពលរដ្ឋសព្វថ្ងៃមានភាពស៊ីវិល័យទៅតាមការរីកចម្រើននៃប្រទេសជាតិ ដែលត្រូវការភាពស្អាត និងអនាម័យល្អ។
ថ្លែងក្នុងពិធីប្រកាសជ័យលាភីខេត្តរតនគិរី ជាខេត្ត ODF, លោក ឆាយ ឫទ្ធិសែន បានលើកឡើងថា ខេត្តរតនគិរី បានកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលដ្ឋ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។ នេះបានធ្វើឱ្យប្រជាពលរដ្ឋ ផ្លាស់ប្តូរទម្លាប់ពីការបរិភោគទឹកគ្មានសុវត្ថិភាព ទៅជាបរិភោគទឹកដែលមានសុវត្ថិភាព ហើយពីការបន្ទោរបង់ពាសវាលពាសកាល ទៅជាការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅ ដែលមានភាពស៊ីវិល័យ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ «ការសម្រេច បានខេត្ត ODF គិតត្រឹមថ្ងៃនេះមានចំនួន៩ខេត្ត រួមទាំងខេត្តរតនគិរីផងដែរ។ហើយថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានមោទនភាព ដែលខេត្តរតនគិរីជាខេត្តទី៩ នៅកម្ពុជា សម្រេចបានជាខេត្ត ODF។ ការសម្រេចនេះ គឺមានន័យថានៅខេត្តរតនគិរីគ្រប់ខ្នងផ្ទះ ទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា»។
បច្ចុប្បន្ននេះ ក្រសួងបានកំពុងតែ អនុវត្តផែនការ សកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និង អនាម័យ ជនបទនៅទូទាំង ប្រទេស។ ក្រសួងបានគ្រោងថា នៅឆ្នាំ ២០៣០ នឹងត្រូវសម្រេចអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យឱ្យបាន១០០ភាគរយនៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តនិងអ្នកពាក់ព័ន្ធទាំងអស់នៅតែបន្តចូលរួម និងជំរុញការងារការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ពិសេសការរិះរកយន្តការរក្សា និរន្តភាពខេត្ត ODF នេះដើម្បីឈានទៅសម្រេចឲ្យបាននូវទស្សនវិស័យក្នុងការទទួលបាននៃការគ្របដណ្តប់១០០ភាគរយ នៅទូទាំងប្រទេសនៅឆ្នាំ២៣០៕