(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅភូមិព្រែករៃ ភូមិព្រែកឈ្មោះ និងភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ចំនួន ២,៥០៦ប័ណ្ណ ពីអាជ្ញាធរខេត្តកណ្តាល។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោក តាំង ម៉េងលាន ឣភិបាលរងខេត្ត តំណាងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។
នៅក្នុងឱកាសនេះលោក តាំង ម៉េងលាន បានថ្លែងថា ការផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។
លោកអភិបាលរងខេត្តក៏បានសំដែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិព្រែករៃ ភូមិព្រែកឈ្មោះ ភូមិព្រែកគង់រាជ ស្រុកល្វាឯម ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។
លោក តាំង ម៉េងលាន បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។
សម្រាប់លោកបណ្ឌិត កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងថា រដ្ឋបាលស្រុក ព្យាយាមខ្នះខ្នែង និងដោះស្រាយរាល់បញ្ហានៃការចុះបញ្ជីរដីធ្លីជាប្រព័ន្ធជូនពលរដ្ឋដោយមិនគិតសេវាអ្វីឡើយ ពោលគឺយកបេះដូងមកជួយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើប្លង់រឹងលើដីធ្លីជាកម្មសិទ្ធិរបស់ពួកគាត់ ហើយដីធ្លីដែលជាអំណោយរបស់រដ្ឋជូនប្រជាពលរដ្ឋ ក៏ដូចរដ្ឋបាលស្រុក និងមន្ត្រីបានធ្វើបានល្អជូនពលរដ្ឋផងដែរ។
បើតាមរបាយការណ៍របស់លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា បើគិតមកដល់ពេលនេះការចុះបញ្ជីបានចំនួន ៥៥ឃុំ-សង្កាត់ លើ ១២៧ ឃុំ-សង្កាត់ នឹង៥១២ភូមិ លើ១,០១០ភូមិ គឺស្មើនឹង៥១% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៣៨,៦៥៣ក្បាលដី។
បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៧៨,២៨១ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២០លើកស្មើនឹង ៣០២,១០៨ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២២១ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិព្រែករៃ ចំនួន ៩៤៣ប័ណ្ណ ភូមិព្រែកឈ្មោះ ចំនួន ៧៦២ប័ណ្ណ និងភូមិព្រែកគង់រាជ ចំនួន ៨០១ប័ណ្ណ ឃុំព្រែករៃ ស្រុកល្វាឯម សរុបចំនួន ២,៥០៦ប័ណ្ណ៕