(បាត់ដំបង)៖ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងបាត់ដំបង ចំពោះមុខចំនួន៥៦គ្រួសារ ស្មើនឹង៥០ឡូតិ៍ដី ត្រូវបានរដ្ឋបាលខេត្តធ្វើពិធីចាប់ឆ្នោតឱ្យទៅរស់នៅទីតាំងថ្មីដីសង្គមកិច្ច ស្ថិតនៅភូមិឡឥដ្ឋ ក្រុងបាត់ដំបង។
ពិធីនេះបានធ្វើឡើងក្រោមអធិតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងមន្ត្រីជំនាញពាក់ពន្ធមួយចំនួនផងដែរ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍ថ្លែងដោយលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ក្នុងពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ចំពោះមុខចំនួន ៥០ឡូតិ៍ ស្ថិតនៅទីតាំងដីសង្គមកិច្ច ក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងរួចមក។
លោក សុខ លូ បានថ្លែងថា បច្ចុប្បន្នក្រុងបាត់ដំបងបាននឹងកំពុងអភិវឌ្ឍន៍ក្នុងទីក្រុង ជាបន្តបន្ទាប់ អនុវត្តដោយគម្រោងនានា ហើយទីតាំងទាំងនោះ ដែលធ្វើឱ្យមានការប៉ះពាល់ដល់គម្រោងកំពុងធ្វើចំពោះមុខ ហើយថ្នាក់ខេត្ត និងថ្នាក់ក្រុងបានសម្រេចធ្វើការដោះស្រាយ ដោយផ្តូរទីលំនៅរបស់ពួកគាត់ឱ្យទៅនៅលើដី នៅទីតាំងដីសង្គមកិច្ចស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដោយមានក្រុមការងារខេត្ត និងក្រុងជាមួយនឹងមន្រ្តីជំនាញពាក់ព័ន្ធឈានដល់បានសម្រេច ប្រកាសជូនដំណឹងដល់ពលរដ្ឋរងផលប៉ះពាល់ ដោយបានកំណត់យកថ្ងៃនេះឱ្យមកចាប់ធ្វើការ ចាប់ឆ្នោតដើម្បីជ្រើសរើសតាមលេខរៀងបានហើយ អាជ្ញាធរនឹងប្រគល់សិទ្ធិឱ្យធ្វើផ្ទះ ដោយមានការជួយរៀបចំនីតិវិធី ពីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រុង និងមន្រ្តីពាក់ព័ន្ធចូលរួមជួយផងដែរ។
លោក សុខ លូ បានបន្ថែមថា បច្ចុប្បន្នក្រុងបាត់ដំបង មានផ្លូវជាច្រើនខ្សែកំពុងរងការខូចខាតដោយទឹកជំនន់ភ្លៀង ហើយខេត្ត និងមន្ទីរជំនាញបាននឹងកំពុងខិតខំធ្វើការជួសជុលធ្វើផ្លូវនៅទីតាំងណាចាំបាច់ជាបណ្តោះអាសន្នសិន ដើម្បីសម្រួលជូនប្រជាពលរដ្ឋធ្វើចរារចរប្រចាំថ្ងៃ រងចាំមេឃអត់ភ្លៀងក្រុមជំនាញចាប់ផ្តើមធ្វើតាមជាក់ស្តែង។
ដោយឡែកផ្លូវ ថ្នល់ដែលរងការខូចខាតកន្លែងមួយចំនួនបានជាប់កិច្ចសន្យាជាមួយ ADB ជាមួយរាជរដ្ឋាភិបាល ដោយក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកអនុវត្តកំពុងធ្វើ ខេត្តមិនអាចប៉ះពាល់បានឡើយ ព្រោះគម្រោង គេមិនទាន់ចប់ នេះជាហេតុផលមួយធ្វើឱ្យប្រជាពលរដ្ឋខ្លះពុំទាន់យល់ច្បាស់ថា ផ្លូវខូចហើយខេត្តព្រមធ្វើនេះជាបញ្ហា ដែលធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត បានបញ្ចេញមតិមិនល្អតាមបណ្តាញសង្គម ដោយគ្មានមូលដ្ឋាន ខ្វះសីលធម៌ទៀតផង ផ្លូវរងការខូចខាតច្រើនមិនមែន ធ្វើ៣,៤ថ្ងៃរួចនោះទេ សូមបងប្អូនមានការយោគយល់ផង ដូចពាក្យចាស់បានពោលថា អ្នកខំធ្វើចាំតែខុស អ្នកចាំថានិយាយមិនចេះខុសទេ៕