(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ធ បានឃាត់ខ្លួនបុរស២នាក់ ដែលដើរប្រមូលលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី បំពានសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានដាក់ចេញក្នុងពេលកន្លងមក ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។

បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ថៃ ឈឿន អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ១៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងឈ្មោះ ចាន់ ម៉េន អាយុ៤៥ឆ្នាំ មានទៅលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពដើរប្រមូលទាលុយពីប្រជាពលរដ្ឋដែលរកស៊ីលក់ដូរ បន្លែ និងរបស់របរតាមតាមកញ្រ្ចែង កញ្ជើ ល្អី ជាច្រើនកន្លែង ស្ថិតនៅខាងក្រោយសួនកុមារពោធិ៍ចិនតុង ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្នុងមួយកន្លែងៗ ចាប់ពី៥,០០០រៀល ទៅ១០,០០០រៀល។

ក្រោយការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំមួយផងដែរ ស្តីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ដោយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចមកហើយ ប៉ុន្តែបុរសទាំង២នាក់នេះ នៅតែបំពានឆ្លៀតឱកាស ទើបកម្លាំងអាជ្ញាធរ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនដើម្បីសាកសួរ និងចាត់ការតាមច្បាប់។

បុរសទាំង២នាក់នេះបានសារភាពថា ពួកខ្លួនពិតជាបានដើរប្រមូលលុយពីអ្នកលក់ដូរមែន ដោយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឈ្មោះ កែវ វ៉ា អាយុ៤៦ឆ្នាំ បានឲ្យពួកខ្លួនយាមការដ្ឋានសំណង់។ បន្ទាប់មកឈ្មោះ កែវ វ៉ា នោះបានប្រើឲ្យពួកខ្លួនទាភាស៊ីពីអ្នកលក់នៅក្បាលដីរបស់គាត់ (ឈ្មោះ កែវ វ៉ា) មួយកន្លែង៥ពាន់ទៅ១ម៉ឺនរៀល។ លុះពេលទារបានខ្លួនបានយកទៅប្រគល់ឲ្យឈ្មោះ កែវ វ៉ា ជាអ្នកចាត់ចែង ហើយរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ស្រាប់តែសមត្ថកិច្ចចុះឃាត់ខ្លួនបែបនេះតែម្ដង។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវដល់ជនឆ្លៀតឱកាសទាំងឡាយដែលកំពុងតែដើរយកភាស៊ីពីអ្នកលក់តាមកញ្រ្ចែង កញ្ជើ ល្អី ប្រសិនបើអាជ្ញាធរដឹង និងចុះទៅឃាត់ខ្លួនអនុវត្តតាមច្បាប់មិនលើកលែងទេ ដូច្នេះត្រូវតែបញ្ឈប់ជាបន្ទាន់៕