(ក្រចេះ)៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងកាស និងកោះទន្សាយ ភូមិម្រើម ឃុំដារ ស្រុកចិត្របុរី និងចំណុចបឹងរំលាច សង្កាត់អូរឫស្សី ក្រុងក្រចេះ។
លោក ម៉ុក ពន្លក បានឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន របាំងស្បៃមុងចំនួន៣៨ខ្សែ ប្រវែង១៩០០ម៉ែត្រ, លូស្បៃមុងចំនួន៤១មាត់លូ និងបង្គោលចម្រឹងឫស្សីចំនួន៥២០ដើម។ បន្ថែមពីនេះ ក៏បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១៣០គក្រ ចូលក្នុងបឹងធម្មជាតិវិញផងដែរ។
សូមជម្រាបថា កម្លាំងរដ្ឋបាលជលផលខេត្តក្រចេះ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើសកម្មភាពល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ ព្រមទាំងបង្ក្រាបបទល្មើសបានជាបន្ដបន្ទាប់នៅក្នុងរដូវបិទនេសាទ ដើម្បីទប់ស្កាត់ការនេសាទល្មើសច្បាប់ ជួយបង្កើនធនធានជលផល៕