(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វត្តមានរបស់ លោក វ៉ាន់ដា តារាចម្រៀងសម័យរបស់ខ្មែរ នៅប្រទេសបារាំង គឺជារួមចំណែកផ្តល់កិត្តិយសជូនប្រទេសជាតិពិតប្រាកដ ខណៈដែល លោក វ៉ាន់ដា បានបង្ហាញខ្លួននៅក្នុងកម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ជាមួយគ្នានេះ លោកបណ្ឌិតបានសង្កេតឃើញមាន៥ចំណុចសំខាន់ៗ ចំពោះករណី អ្នកចម្រៀង វណ្ណដា សម្ដែងនៅប្រទេសបារាំង មានដូចជា៖
*ទី១៖ នេះគឺជាការបង្ហាញពីសមត្ថភាពពិតផ្ទាល់របស់ លោក វណ្ណដា អ្នកចម្រៀងសម័យរបស់ខ្មែរ និងក្រុមរបស់លោក ដែលបានចូលរួមចំណែកផ្តល់កិត្តិយសជូនប្រទេសជាតិពិតប្រាកដ
*ទី២៖ ជាការលើកតម្កើងនូវសិល្បៈ វប្បធម៌ខ្មែរបុរាណ ផ្សាភ្ជាប់គ្នាជាមួយនឹងសិល្បៈសម័យទំនើប ឱ្យកាន់តែរស់រវើក និងរីកសុះសាយទៅកាន់ឆាកអន្តរជាតិ
*ទី៣៖ ជាការលើកតម្កើងវប្បធម៌សន្តិភាពសុខដុមនីយកម្មនៅសង្គមខ្មែរ ពោលជាការច្របាច់បញ្ចូលគ្នារវាងការអភិរក្សសិល្បៈវប្បធម៌បុរាណ និងអភិវឌ្ឍសិល្បៈតន្ត្រីសម័យទំនើប
*ទី៤៖ ជាការលើកតម្កើង និងជំរុញទំនាក់ទំនងការទូតវប្បធម៌ បារាំង-កម្ពុជា
*ទី៥៖ ស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធដូចជា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ជាដើម គួរតែចូលរួមចំណែកជំរុញនិងលើកទឹកចិត្តបន្ថែមដល់អ្នកចម្រៀង ឬសិល្បៈករដែលមានសមត្ថភាព ដែលអាចលើកស្ទួយមុខមាត់ប្រទេសជាតិបាន។
សូមជម្រាបថា កំពូលតារាចម្រៀង Rap របស់ប្រទេសកម្ពុជា លោក វណ្ណដា ( Vann Da) នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។ ការបង្ហាញខ្លួនរបស់តារាកម្ពុជា លើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ការបង្ហាញរបស់ វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា៕