(ភ្នំពេញ)៖ ពុទ្ធិកសមាគមកម្ពុជរដ្ឋ អាណត្តិទី៧នេះ បានបើកវេទិកាលើកដំបូង ក្រោមប្រធានបទ «សាសនាសន្តិភាពផ្លូវចិត្ត» ដែលបានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករពីព្រះរាជាគណៈ ព្រះថេរានុថេរៈ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងលោកលោកស្រី មកពីបណ្តាអង្គការ សមាគមនានា ពិសេសសមាជិកសមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ។
វេទិកានេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ HYATT REGENCY PHMOM PENH នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ។
វេទិកានេះដែរ ផ្តោតសំខាន់ទៅលើការសួរឆ្លើយ អំពី៖
* អប់រំសុខភាពផ្លូវចិត្ត តាមរយៈសាសនា
* អំពីតួនាទី សាសនា ក្នុងបរិបទសង្គម ឌីជីថល
* អាជីវកម្ម វិនិយោគ និងការបដិបត្តិ ក្នុងសាសនា
* កាតព្វកិច្ច ជាពុទ្ធសាសនិកជនក្នុងសម័យទំនើប
* សម្មាអាជីវោ និងសេដ្ឋកិច្ចជីវិតរស់នៅក្នុងសម័យទំនើប។
នាឱកាសនោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានមានសង្ឃដីកាថា វេទិកានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ល្អវិសេស ហើយក៏ដូចជាព្រឹត្តិការណ៍ថ្មីមួយទៀត របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលបានកើតឡើងក្នុងអាណត្តិទី៧នេះ។ សម្តេចព្រះមហាសុមេធាធិបតីជោតញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជ ថ្នាក់ទី១ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបង្កើតសមាគមនេះឡើងដំបូងឡើង ដើម្បីរៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភពលោក ក្នុងអតីតកាល ដែលមានថ្នាក់សាសនានៅលើពិភពបានមកចូលរួម។
ក្នុងឯកសារពន្លឺពុទ្ធចក្រ សម្តេចព្រះសង្ឃរាជ ព្រះអង្គបានបង្កើត ពុទ្ធិកសមាគមកម្ពុជរដ្ឋឡើង តាំងពីឆ្នាំ១៩៥២ ដើម្បីបម្រើផលប្រយោជន៍ដល់ពុទ្ធសាសនិក ទាំងក្នុងប្រទេសនិងក្រៅប្រទេស។
នៅឆ្នាំ១៩៦៥ ព្រះរាជាណាចក្រកម្ពុជាយើង មានមហាកិត្តិយស ធ្វើជាម្ចាស់ផ្ទះក្នុងការៀបចំកិច្ចប្រជុំកំពូលសន្និសីទ មេដឹកនាំព្រះពុទ្ធសាសនាពិភពលោក ក្នុងកាលនោះ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រោមព្រះរាជកិច្ចដឹកនាំផ្ទាល់ពីសម្តេចព្រះសង្ឃរាជ ជូន ណាត ជោតញាណោ ទ្រង់បានរៀបចំកិច្ចប្រជុំកំពូលនេះ ដោយប្រគល់ភារៈកិច្ចដ៏ធំនេះ ជូនពុទ្ធិកសមាគមកម្ពុជរដ្ឋ ជាអ្នកទទូលខុសត្រូវក្នុងការរៀបចំផ្ទាល់ ព្រោះហេតុនោះហើយ បានជាត្រូវសម្រេចកសាងសាលសន្និសីទចតុម្មុខ ដើម្បីទទួលថ្នាក់ដឹកនាំពុទ្ធសាសនាពិភពលោក ដែលមកចូលរួមកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះ។
ក្នុងនាមសម្តេចព្រះមហាសង្ឃរាជស្តីទី និងសម្តេចព្រះសង្ឃនាយកស្តីទី ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាកម្ពុជា សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះ នឹងបានជាកញ្ចក់ ឆ្លុះបញ្ចាំងអំពីភាព វិជ្ជមាន និងអវិជ្ជមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់ៗគ្នា ព្រមទាំងបានជាបញ្ញាស្មារតី ដល់សមាជិក អ្នកបានចូលរួមទាំងអស់នាពេលនេះ ដែលបានអញ្ជើញមកពីស្ថាប័ន និងសមាគមនានាជាច្រើន។
ជាមួយគ្នានេះ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាអង្គការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារមនុស្សធម៌ នៅក្នុងសង្គមពុទ្ធសាសនិកកម្ពុជា។ សមាគមនេះ គឺជាផ្នែក១ ដ៏សំខាន់របស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តាំងពីដើមរៀងរហូតមក ជាពិសេសនោះ ព្រះមហាក្សត្រ និង ព្រះមហាក្សត្រីយ៍ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ក៏ទ្រង់សព្វព្រះរាជហឬទ័យ យាងប្រថាប់ជាព្រះរាជាធិបតីកិត្តិយសនៃសមាគមនេះជាដរាបរៀងរហូតមកដល់បច្ចុប្បន្ន។
ព្រះអង្គ បានមានសង្ឃដីកាបន្តថា ក្នុងនោះក៏មានថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ និងពុទ្ធសាសនិកស្ទើរពេញប្រទេស បានចូលរួមជួយឧបត្ថម្ភ គាំទ្រ លើកតម្កើង និងស្ម័គ្រចិត្តចូលជាសមាជិកផងដែរ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាសមាគមមួយដ៏មានសក្តានុពលបំផុតផ្នែកមនុស្សធម៌ នៅក្នុងសង្គមពុទ្ធសាសនាកម្ពុជានៃយើង៕