(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាកម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះ បានចេញសេចក្តីជូនដំណឹងផ្លូវការអំពីបេក្ខជនឈរបោះឆ្នោត ជ្រើសតាំងប្រធានគណៈមេធាវី ចំនួន៥រូប ក្នុងនោះរួមមាន៖ មេធាវី សាំង វណ្ណៈ, មេធាវី សេង វួចហ៊ុន, មេធាវី ព្រហ្ម វិចិត្រអក្ខរា, មេធាវី សេក សោភ័ណ, មេធាវី រុន រ័ត្នវាសនា។
តាមការគ្រោងទុកនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ខាងមុខ គណៈេមធាវីនៃព្រះរាជាណាកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានថ្មី អាណត្តិទី១៥ ដើម្បីបន្តដឹកនាំ បន្ទាប់ពីលោក លី ច័ន្ទតុលា ដែលបច្ចុប្បន្នជាប្រធានគណៈមេធាវី នឹងបានបញ្ចប់អាណត្តិរបស់ខ្លួន (ចំនួន២អាណត្តិ) នៅពេលប្រធានថ្មីចូលមកជំនួស។
នៅថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានថ្មីនៃគណៈមេធាវីកម្ពុជា ក៏នឹងមានព្រឹត្តិការណ៍មួយទៀតដែរ គឺការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាចំនួន៣៣រូបផងដែរ។
ខណៈពេលវេលានៅមិនយូរប៉ុន្មានឡើយ ការបោះឆ្នោតនឹងខិតមកដល់បេក្ខជនដែលមានឈ្មោះ នៅក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតធ្វើជាប្រធាន បាននឹងកំពុងរៀបចំដកដាក់សមាជិក និងក្រុមរបស់ខ្លួន ដើម្បីបញ្ជូលទៅក្នុងបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សា ដែលមានសរុបចំនួន៣៣រូប យ៉ាងប្រញាប់ប្រញាល់។ ស្របពេលជាមួយនឹងការរៀបចំបញ្ជីឈ្មោះ នៅថ្ងៃនេះក៏មានការបែកធ្លាយបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សា ដែលឈរឈ្មោះសម្រាប់អាណត្តិថ្មីនៅលើបណ្តាញសង្គម Facebook នានា។
ក្រុមសមាជិកនៃគណៈមេធាវីកម្ពុជាជាច្រើនរូប បានអង្គុយជជែកពិភាក្សាជាមួយបុគ្គលិកជាន់ខ្ពស់បណ្តាញព័ត៌មាន Fresh News និងបានចោទជាសំណួរថា តើបេក្ខជនណាមួយសាកសមកាន់តំណែងជាប្រធានសម្រាប់អាណត្តិថ្មី ? សូមរង់ចាំការបោះឆ្នោតនៅពេលខាងមុខ៕
ខាងក្រោមជាបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាអាណត្តិទី១១ ដែលបែកធ្លាយតាម Facebook