(ភ្នំពេញ)៖ នាវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញចុះពិនិត្យ និងបើកវិញ្ញាសាប្រឡងប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ការប្រឡងប្រជែងនឹងត្រូវប្រព្រឹត្តិទៅដោយធ្វើការបែងចែកចំនួន២វេន ,ដោយវេនទី១ រយៈពេល២ម៉ោង ចាប់ផ្តើមពីម៉ោង ១២៖៣០នាទី រហូតដល់ម៉ោង ១៤៖៣០នាទី វិញ្ញាសាគណិតវិទ្យា និងវេនទី២ រយៈពេល២ម៉ោង ចាប់ផ្តើមពីម៉ោង ១៥៖៣០នាទី រហូតដល់ម៉ោង ១៧៖៣០នាទី វិញ្ញាសាអក្សរសាស្ត្រខ្មែរ។
នៅចំពោះមុខបេក្ខជនប្រឡងប្រជែង ក្នុងពេលបើកកញ្ចប់វិញ្ញាសារ លោក ហ៊ុន ម៉ានី បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យសម្រាប់ការប្រឡងដ៏សំខាន់នេះ។ ខណៈការប្រឡងនៅតែប្រព្រឹត្តទៅដោយមានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី នៅអះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសាធារណៈ តែងតែផ្តល់ឱកាសឲ្យបេក្ខជនទាំងអស់ បានចូលរួមប្រឡងប្រជែងបន្តបន្ទាប់ ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការ ដោយពឹងផ្អែកទៅលើសមត្ថភាព។
សូមជម្រាបថា ក្របខណ្ឌដែលត្រូវជ្រើសរើសចំនួន ១,៣៤៧កន្លែង នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា។ បេក្ខជនប្រឡងប្រជែង (វិញ្ញាសាសរសេរលើកទី១) សរុបចំនួន ៣៨,១៦៨នាក់(ស្រី ២៨,៤៥៦នាក់) សម្រាំងបានបេក្ខជនសរុប ៤,៣២១នាក់(ស្រី ២,៨២៧នាក់) ដើម្បីប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២)៕