(កំពង់ស្ពឺ)៖ លោកស្រី ជិន សំនៀង តំណាងអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានយុជនគណបក្សខេត្ត បានថ្លែងជំរុញឲ្យសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកំពង់ស្ពឺ ចូលរួមបម្រើសង្គម និងជួយពលរដ្ឋឲ្យបានល្អសក្ដិសមជាយុវជនគម្រូថ្នាក់ខេត្ត។

លោកស្រីបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំ និងសំណះសំណាលជាមួយសមាជិក សមាជិកា ព្រមទាំងពិសារអាហារសាមគ្គីផងដែរកាលពីចុងសប្ដាហ៍ទៅនេះ។

ពិធីប្រកាសតែងតាំងតួនាទីខាងលើ មានការអញ្ជើញចូលរួមជាអធិបតីពីលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិស្នាក់ការកណ្ដាលតំណាងលោក ផេង គីមស៊្រុន ទីប្រឹក្សាសម្ដេចធិបតី។

ថ្លែងក្នុងពិធីក្រកាសតែងតាំងនោះ លោកស្រី ជិន សំនៀង បានថ្លែងថា ក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំស្វែងយល់អំពីគោលនយោបាយរបស់គណបក្ស ជាពិសេសត្រូវចុះមូលដ្ឋានដោយផ្ទាល់ជួប ប្រជាពលរដ្ឋដើម្បីដឹងអំពីសុខទុក្ខរបស់លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ។

លោកស្រីបានជំរុញឲ្យខិតខំប្រឹងប្រែងរៀនសូត្រនូវគោលការណ៍របស់សមាគម ពិសេសត្រូវយកចិត្តទុកដាក់ហើយហ៊ានដឹកនាំគេ ចេះរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីឲ្យមានសកម្មភាពនៅក្នុងមូលដ្ឋាន ពិសេសក្នុងដែនគ្រប់គ្រង របស់ខ្លូន លើសពីនេះត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីជំរុញឱ្យសមាគមរបស់យើងកើនឡើងនូវសមាជិកថ្មីៗបន្ថែមទៀត។

ដោយឡែកលោក ធួក សុខុន ប្រធានសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកំពង់ស្ពឺ បានឡើងប្ដេជ្ញាចិត្ត និងសន្យាខិតខំដឹកនាំ និងបំរើបងប្អូនជាសមាជិកឲ្យអស់ពីលទ្ធភាព និងចូលរួមការពារគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕