(កំពង់ឆ្នាំង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក យ៉ែម លក្ខិណា អភិបាលស្រុក កាលពីព្រឹកថ្ងៃទី១១ ខែសីហា បាននាំយកសម្ភារសិក្សា ថវិកា និងបានរៀបចំអាហារមួយពេល ដែលជាអំណោយរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង និងភរិយា ផ្ដល់ជូនសិស្សចំនួន២៥៣នាក់ និងលោកគ្រូ អ្នកគ្រូ ក្នុងភូមិប្រឡាយមាស ឃុំប្រល័យមាស ស្រុកកំពង់លែង។

អំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួន រួមទាំងអាហារនំបុ័ងសម្លការី ដែលបានរៀបចំយកទៅផ្ដល់ជូនសិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុងឃុំប្រឡាយមាស ដែលជាតំបន់ដាច់ស្រយាល មានទីតាំងស្ថិតនៅលើខ្នងទូល និងជាកោះដែលមានទឹកព័ទ្ធជុំវិញកណ្ដាលបឹងទន្លេសាប។

ដោយឡែកសិស្ស និងលោកគ្រូអ្នកគ្រូ ដែលបានទទួលអំណោយពីលោកអភិបាលខេត្ត និងភរិយា តាមរយៈលោកអភិបាលស្រុកកំពង់លែង មានចំនួន២៥៣នាក់ អំណោយដែលបានផ្ដល់ជូនខាងលើនេះមានប៊ិចសៀវភៅ និងថវិកា៥ពាន់រៀលសម្រាប់សិស្សម្នាក់ៗ ចំណែកលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗទទួលបាន៣ម៉ឺនរៀល និងបានរៀបចំអាហារនំប៉័ងសម្លការីជូនសិស្សា នុសិស្សនិងលោកគ្រូអ្នកគ្រូមួយពេលផងដែរ។

ខណៈដែលសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទទួលបានអំណោយ និងថវិកា រួមទាំងបានទទួលទានអាហាររួមគ្នា លោកគ្រូអ្នកគ្រូតំណាងឲ្យសិក្សានុសិស្សនិងមាតាបិតារបស់សិស្សទាំងអស់ ក៏បានថ្លែង អំណរគុណ លោកអភិបាលខេត្ត និងក្រុមគ្រួសារ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់សិក្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលរស់នៅដាច់ស្រយាលលើខ្នងកោះ កណ្ដាលបឹងទន្លេសាប និងបានថ្លែងអំណរគុណ លោកអភិបាលស្រុក និងក្រុមការងារដែលបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិបាលខេត្ត ផ្ដល់ជូនសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូដល់មូលដ្ឋាននាពេលនេះផងដែរ។

នៅក្នុងឱកាសនោះ អភិបាលស្រុកកំពង់លែង បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកអភិបាលខេត្ត និងលោកស្រីជាភរិយាជូនចំពោះសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលរបស់សិស្សព្រមទាំងប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានក្នុងឃុំប្រឡាយមាសទាំងអស់ ប្រកបដោយមនោសញ្ចេតនានឹករលឹកដ៏ជ្រៀលជ្រៅជាទីបំផុត។

លោកអភិបាលស្រុក បានណែនាំសិស្សានុសិស្សទាំងអស់សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះក្មួយៗទាំងអស់រស់នៅលើខ្នងកោះដូច្នេះជុំវិញលំនៅឋានរបស់ក្មួយៗមានទឹកព័ទ្ធជុំវិញ ហើយក្នុងរដូវនេះជារដូវវស្សា ទឹកឡើងជារៀងរាល់ថ្ងៃទៀតផង ហេតុនេះការធ្វើដំណើរតាមទូក ឬកាណូតផ្សេងៗត្រូវមានការប្រុងប្រយ័ត្នក្រែងជួបភ្លៀងខ្យល់ដែលបណ្ដាលឱ្យមានគ្រោះ ថ្នាក់ជាយថាហេតុ រួមទាំងការធ្វើដំណើរចេញទៅធ្វើការនេសាទផងដែរ៕