(កណ្ដាល)៖ មន្រ្តីជំនាញរបស់នាយខណ្ឌរដ្ឋបាលកណ្តាល និងអាជ្ញាធរស្រុកពញាឮខេត្តកណ្តាល កាលពីចុងសប្ដាហ៍នេះ បានចុះបង្ក្រាបបទល្មើសនេសាទ ដោយប្រមូលបានសម្ភារប្រព្រឹត្តល្មើសជាច្រើន និងដុតបំផ្លាញចោល។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានឲ្យដឹងថា បន្ទាប់ពីមានបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចាត់វិធានការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅរដូវបិទនេសាទនៅទូទាំងប្រទេស និងមានការចង្អុលបង្ហាញពីអភិបាលខេត្តកណ្តាលនោះ មន្រ្តីជំនាញរបស់លោក បានសហការគ្នាជាមួយគណៈបញ្ជាការរដ្ឋបាលស្រុកដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុក និងលោក ថោ ឡូ នាយអធិការដ្ឋានជលផលចតុមុខ បានរឹបអូសឧបករណ៍ខុសច្បាប់ជាច្រើនមកកម្ទេចចោលភ្លាមៗនៅនឹងកន្លែងដែលបានចុះប្រតិបត្តិការនេះតែម្តង។
លោកបានបញ្ជាក់ថា ក្រោយប្រតិបត្តិការក្រុមសមត្ថកិច្ចចម្រុះរឹបអូសស្បៃមុខ ទាំងក្រឡាតូច និងក្រឡាធំរាប់ពាន់ម៉ែត្រ បង្គោលឈើ និងឧបករណ៍ខុសច្បាប់ជាច្រើនទៀត ហើយបានដុតបំផ្លាញចោល។ ក្រុមប្រតិបត្តិការ ក៏បានធ្វើការព្រលែងកូនត្រីតូចៗរាប់រយគីឡូទៅក្នុងទន្លេ និងបឹងវិញផងដែរ។
លោក ថន សុវណ្ណា អភិបាលស្រុកបានឲ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបនេះគឺអនុវត្តន៍តាមបទបញ្ជាលោកអភិបាលខេត្ត ខណៈដែលយើងមិនមែនធ្វើតែមួយថ្ងៃនេះទេ ពោលគឺនឹងធ្វើឲ្យដូចជាភ្លៀងរលឹម ដើម្បីអភិរក្សពូជត្រី ជាពិសេសគឺពេលរដូវបិទនេសាទនេះតែម្តង។ អាជ្ញាធរនឹងគ្មានការលើកលែង និងអត់ឱនឲ្យទៀតនោះឡើយ បើសិននៅរឹងទទឹង នឹងអនុវត្តន៍តាមផ្លូវច្បាប់ដោយគ្មានយោគយល់ឡើយ៕