(ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា អំពើជួញដូរមនុស្ស ត្រូវបានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរិតស្មុគ្រស្មាញ ប្រកបដោយល្បិចកល។
លោកស្រីថ្លែងបែបនេះ ក្នុងឱកាសតំណាង លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសិក្ខាសាលា ស្តីពី «ខ្ញុំ 👉🏻 អ្នក យើងទាំងអស់គ្នា ត្រូវយល់ដឹងពីទង្វើគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងផលប៉ះពាល់របស់វាមកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង វប្បធម៌ និងប្រទេសជាតិយើង» នៅអាគារថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ អំពើជួញដូរមនុស្សត្រូវ បានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរិតស្មុគ្រស្មាញប្រកបដោយល្បិចកល ពាក់ព័ន្ធទៅនឹង របត់នៃផ្នត់គំនិត ចិត្តសាស្រ្ត សង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដែលមាន ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឱ្យបាន»។
លោកស្រីបានបន្តថា កន្លងមក កម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ ហើយក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើនក៏បាននឹងកំពុងតែ ធ្វើការងារយ៉ាងសកម្មពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស។ លោកស្រី បានថ្លែងទៀតថា ឥឡូវនេះ កម្ពុជា មានផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលត្រូវ បានក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាដាក់បញ្ចូលនូវសម្មភាពដែលពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា រួមគ្នាធ្វើ បង្កើតស្នាដៃថ្មី ជាទម្រង់សិល្បៈ ដើម្បីធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការបង្ការ ទប់ស្កាត់ និងកិច្ចការពារជនរងគ្រោះពីការជួញដូរមនុស្ស។
សូមជម្រាបថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បាននិងកំពុងចូលរួមសហការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គមកម្ពុជា។ កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងបានរៀបចំសិក្ខាសាលា រៀបចំការជួបជុំគ្នា និងបានចូលរួមក្នុងសកម្មភាព ផ្សេងៗដែលមានគោលដៅអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី សកម្មភាពនិងហានិភ័យកើត ចេញពីសកម្មភាពនៃការជួញដូរមនុស្ស៕