(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្ញើលិខិតមួយច្បាប់ជូនលោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំំការបោះឆ្នោត ដោយបញ្ជាក់ មន្ត្រីរាជការដែលទទួលបាន ការអនុញ្ញាតពីក្រសួង ស្ថាប័ន ឲ្យទៅបម្រើការងារជាមន្ត្រី កិច្ចសន្យានៅ គ.ជ.ប ត្រូវបានអនុញ្ញាតឲ្យរក្សាទុក បៀវត្សរួមមានបៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ ព្រមទាំងអត្ថប្រយោជន៍ ផ្សេងទៀតអនុលោមបទប្បញ្ញត្តិជាធរមាន។

សូមជម្រាបថា ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យក្រសួងមុខងារ សាធារណៈរក្សាបៀវត្ស សរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲ្យដោយ គ.ជ.ប តាមការ កំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត ជូនចំពោះមន្ត្រីរាជការ ដែលបំរើការងារនៅ គ.ជ.ប ក្នុងការងារចុះឈ្មោះបោះឆ្នោត។

យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «ក្មួយៗមន្ត្រីជាប់កិច្ចសន្យាបំរើការងារនៅ គ.ជ.ប ជាទីស្រឡាញ់ ពូអរគុណក្មួយ ដែលបាន comment មក ពូទាក់ទងទៅនឹងលិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។ សូមបញ្ជាក់ថា ដោយចំនួនមន្ត្រីរាជការដែលបំរើការងារនៅ គ.ជ.ប ក្នុងការងារ ចុះឈ្មោះបោះឆ្នោតមិនមានផលប៉ះពាល់ដល់ និរន្តរភាពការងារ របស់ក្រសួង-ស្ថាប័នដើម ពូយល់ព្រមឲក្រសួងរក្សាបៀវត្សសរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារ ដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲដោយ គ.ជ.ប តាមការកំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត»