(ភ្នំពេញ)៖ យុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស នឹងធ្វើការឆ្លើយតប វាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្ដួលរំលំរាជរដ្ឋាភិបាល តាមគ្រប់រូបភាព ក្នុងគោលបំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជា ដែលកំពុងស្ថិតក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។ នេះជាខ្លឹមសារ ក្នុងសេចក្តីថ្លែងការណ៍របស់យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
សេចក្តីថ្លងការណ៍ មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុល ញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលយកបញ្ហានៅប្រទេសបង់ក្លាដេស មកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស សូមបញ្ជាក់អំពីជំហរដាច់ខាត ដូចខាងក្រោម៖
*១. យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលជាកម្លាំងមហាសាមគ្គីដ៏រឹងមាំក្នុងជួរយុវជនគណបក្ស ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនមែនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
*២. កម្ពុជាទើបមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលកម្ពុជាមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រ។ សន្តិភាពមានតម្លៃធំធេងណាស់ មិនអាច កាត់ថ្លៃបានឡើយ និងបានផ្ដល់ឱយកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះ ការប៉ុនប៉ងអូសទាញ ប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី គឺជាអំពើ ល្មើសច្បាប់មិនអាចអត់ឱនបានឡើយ។ ហេតុនេះ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និង យុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ប្រឆាំងដាច់ខាត ចំពោះឧបាយកលទុច្ចរិតរបស់ពួក ឧទ្ទាមក្រៅច្បាប់ដែលបានញុះញង់ អុជអាល បំផ្លិចបំផ្លាញជាតិ បំផ្លាញសន្តិភាព ក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
*៣. យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស នឹងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្ដួលរំលំរាជរដ្ឋាភិបាល តាមគ្រប់រូបភាព ក្នុងគោលបំណងបំបែកបំបាក់ និងបំផ្លិចបំផ្លាញកម្ពុជា ដែលកំពុងស្ថិតក្រោមម្លប់ន សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្ន។
*៤. យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមប្រកាស ជាឱឡារិក ស្មោះត្រង់ដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណ នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស និងការពារឱ្យបាន ជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ៕