(ភ្នំពេញ)៖ រយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស នៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមាន អសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងស្ថានភាពប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

តាមរយៈសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News អគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ បានធ្វើការប្តេជ្ញាចិត្តខ្ពស់ និងបញ្ជាក់អំពីជំហរដូចខាងក្រោម៖

១៖ ប្តេជ្ញាគោរព និងអនុវត្តដោយឥតងាករេ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយភក្តីភាពស្មោះត្រង់ដាច់ខាត ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ។

២៖ ប្តេជ្ញាការពារ និងថែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ គ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់អំពើញុះញង់ទាំងឡាយណា ក្នុងចេតនាបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ដោយហ៊ានធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ស្កាត់ បង្ក្រាប រាល់អំពើក្បត់ជាតិទាំងនោះ ដោយគ្មានការលើកលែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

៣៖ ប្រឆាំងដាច់ខាតនូវការញុះញង់ផ្សព្វផ្សាយ បង្កចលាចលរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោសចំពោះពួកជ្រុលនិយម និងពួកអគតិទាំងនោះ។

៤៖ ត្រៀមអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា នូវរាស់សកម្មភាពញុះញង់ទាំងឡាយ ដែលបង្កឡើងដោយក្រុមប្រឆាំងជ្រុលនិយម៕