(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធរៀបចំឱ្យមានវេទិការវាងយុវជន និស្សិត និងបញ្ញវន្តមុស្លិមកម្ពុជាផ្សេងៗបន្តទៀត ដើម្បីផ្ដល់ឱ្យយុវជន និងនិស្សិតមុស្លិមកម្ពុជាឱ្យកាន់តែយល់ដឹងច្បាស់ពីចំណេះដឹងក្នុងសង្គមជាតិ និងសាសនា។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវេទិកា និងក្រុមការងារពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យវេទិកានេះលេចជារូបរាងឡើង និងប្រព្រឹត្តទៅដោយរលូន ព្រមទាំងទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។

លោកបន្តថា នេះមិនមែនជាលើកទី១ទេដែលសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា បានរៀបចំជំនួបរបស់បញ្ញវន្ត និស្សិតមុស្លិមកម្ពុជាដែលមានចំនួនរាប់រយនាក់បានចូលរួម និងបានបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ល្អនិងបង្ខិតគ្នាឱ្យកាន់តែជិត រវាងនិស្សិត បញ្ញវន្តទាំងអស់ជាពិសេសជាមួយថ្នាក់ដឹកនាំឥស្លាម​នៅគ្រប់ក្រសួង ស្ថាប័ន។

លោកបន្ថែមថា ទាំងអស់នេះកើតឡើងទៅបានដោយសារតែ​ប្រទេសយើងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា​ និងបានបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ជាពិសេសសហគមន៍ខ្មែរឥស្លាមមានការីកចម្រើនគួរជាទីមោទនៈ និងមានភាពខុសឆ្ងាយ បើប្រៀបធៀបទៅនឹងសម័យកាលមុនៗនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានឃើញអ្នកចូលរួម និងសិស្សានុសិស្ស មានភាពក្លាហានក្នុងការលើកសំណួរយ៉ាងច្រើនផុសផុលទៅកាន់វាគ្មិន ដែលធ្វើឱ្យវេទិកានេះបានដំណើរការទៅរយៈពេល១ថ្ងៃពេញ ប្រកបដោយរលូន និងជោគជ័យ។

តាមរបាយការណ៍បូកសរុបដោយលោក រ៉ូហ្វី អូស្មាន អនុប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងជាគណៈកម្មការរៀបចំកម្មវិធី បន្ទាប់ពីវេទិកានេះបានបញ្ចប់ដោយជោគជ័យ អង្គវេទិកាបានប្រមូលធាតុចូលសំខាន់ៗមួយចំនួន មានដូចជាការងារអប់រំឥស្លាមនៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ បន្ទាប់ពីមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខ្មែរឥស្លាមនៅគ្រប់កម្រិត។ យុវជនខ្មែរឥស្លាមជាច្រើនមាន​ចំណេះ និងជំនាញច្បាស់លាស់ ដែលអាចទទួលបានការងារធ្វើល្អៗ។យុវជនខ្មែរឥស្លាមជាច្រើនបានចូលរួមការងារសង្គម ដូចជាការងារនៅតាមសមាគម អង្គការ សាលារៀន មន្ទីរពេទ្យ ក្នុងគោលបំណងចូលរួមអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម។

គួរជម្រាបថា «វេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើង ស្របនឹងពេលវេលាដែប្រទេសកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ខួបលើកទី២៥ ក្រោមមូលបទ «នវានុវត្តន៍ឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»៕