(ព្រះវិហារ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមគ្រួសារលោក លី គីមឆេង ជាសប្បុរសជនក្នុងស្រុក នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួនប្រគេនព្រះសង្ឃគង់នៅវត្តកែវសិក្ខាគិរីស្វារ: ហៅវត្តប្រាសាទព្រះវិហារ នៅលើភ្នំព្រះវិហារ។

ទេយ្យទានដែលលោកអភិបាលស្រុក ហាក់ ម៉ុងហួត និងសប្បុរសជនបានប្រគេនព្រះសង្ឃគង់នៅវត្តប្រាសាទព្រះវិហារនោះ រួមមាន៖ ទៀនព្រះវស្សា១គូ ភេសជ្ជៈ៣កេស ទឹកបរិសុទ្ធ៣កេស និងបច្ច័យចំនួន៣,៩០០,០០០រៀល។

ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ហាក់ ម៉ុងហួត និងក្រុមគ្រួសារលោក លី គីមឆេង ក៏បាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់បញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ដែលមានលោកឧត្តមសេនីយ៍ ច័ន្ទ សុខុន ជាមេបញ្ជាការ ក្នុងនោះរួមមាន ភួយ២០០ ក្រមា២០០ កាហ្វេនិងបារី១៥០ និងថវិកា១,៨០០,០០០។

គួរជម្រាបថា ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ គឺជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗ ក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សា។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យធំមួយព្រះពុទ្ធសាសនាដែលជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ៕