(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហានេះ បានបង្ហោះវីដេអូមួយ ស្តីពីការជួបជាមួយប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញចុះពិនិត្យតំបន់លិចទឹកដោយជំនន់ទឹកភ្លៀង និងពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹក នៅខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

ក្នុងឱកាសនោះសម្តេចបានផ្តល់គោលការណ៍ទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត នៅមូលដ្ឋានដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹក ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់។

ភ្ជាប់ជាមួយនឹងវីដេអូជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ជួបលោកពូ និងក្មួយស្រីរបស់គាត់ដោយចៃដន្យ ពេលចុះពីលើទូក។ អរគុណពូនិងប្អូនស្រី ដែលបានអញ្ជើញខ្ញុំ និងក្រុមការងារចូលលេងក្នុងផ្ទះ ដែលផ្ដល់ឱកាសឱ្យខ្ញុំបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋនៅទីនេះ ក្នុងពេលបច្ចុប្បន្ន និងពីមុនមក។

ជាមួយគ្នានេះ ខ្ញុំក៏បានជម្រាបជូនគាត់អំពីផែនការមួយចំនួន របស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់ រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើង នូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។

បន្ថែមលើនេះ ខ្ញុំបានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត នៅមូលដ្ឋានដើម្បីចូលធ្វើការ នៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)»