(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំមន្ត្រី សមាជិកសមាជិកាសាខាកាកបាទក្រហមខេត្តកែបក្រោមឱវាទ និងអ្នកពាក់ព័ន្ធ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ដោយខ្យល់កន្ត្រាក់ ចំនួន១៩គ្រួសារ ស្មើរនឹង ១៩ ខ្នងផ្ទះ មកពីឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ការផ្តល់អំណោយខាងលើនេះ បានរៀបចំធ្វើឡើង នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ទាំង១៩គ្រួសារ មកពីតាមបណ្តាភូមិ នៃឃុំអង្កោលស្រុកដំណាក់ចង្អើរ ខេត្តកែប នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
តាមមន្ត្រីកាកបាទក្រហមខេត្ត បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋរងគ្រោះទាំង១៩ខ្នងផ្ទះ បានខូចខាតសម្ភារៈមួយចំនួន រួមមានស័ង្គសី, ហ្វីប្រូ សរុប ៤០៤សន្លឹក ក្នុងនោះស័ង្កសី សរុប ២២៥សន្លឹក, ហ្វីប្រូ ១៧៩សន្លឹក។
*១៖ ចំពោះប្រជាពលរដ្ឋ បានប្រក់ហើយរួចរាល់ ចំនួន ០៤ខ្នងផ្ទះ ស្មើរ ស័ង្កសី ចំនួន ៦០ សន្លឹកមីប្រូ និងហ្វីប្រូ ចំនួន ១៣២ សន្លឹក។
*២៖ ចំពោះផ្ទះប្រជាពលរដ្ឋដែលមិនទាន់បានប្រក់ នៅសល់ចំនួន ១៥ខ្នងផ្ទះ ស្មើនឹង ស័ង្កសី ចំនួន ១៦៥សន្លឹក ហ្វីប្រូ ចំនួន ៤៧ សន្លឹក។
*៣៖ ចំពោះជំនួយរបស់ក្រុមការងាររាជរដ្ឋាភិបាល បានជួយស័ង្កសី ចំនួន ៣១០សន្លឹក។
នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះទាំង ១៩គ្រួសារខាងលើ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ទន្ទឹមនេះលោក សោម ពិសិដ្ឋ ក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋរងគ្រោះនៅតាមខ្នងផ្ទះទាំង ១៩គ្រួសារ និងគ្រួសារពាក់ព័ន្ធដទៃទៀត ត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាព គ្រួសារឱ្យបានប្រសើរឡើង។
លោកក៏សូមបងប្អូនប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងកុំឱ្យក្មេងតូចៗចេញពីផ្ទះ លុបបំបាត់ថ្លុកជ្រាំ កេងក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនគ្រួសាររងគ្រោះ ទាំង១៩ ខាងលើ ក្រៅពីស័ង្កសី និងហ្វីប្រូ គឺបានឧបត្ថម្ភថវិកា ក្នុងមួយគ្រួសារ ៥ ម៉ឺនរៀលផងដែរ៕