(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្មី សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ក្រោយការកែសម្រួលសមាសភាពជាថ្មី ដោយមានលោកស្រី កែសួន សុភី ស សុខា ជាប្រធានកិត្តិយស ខណៈដែលលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានសាខាសមាគម។
ថ្លែងក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកកម្ពស់សកម្មភាពស្រ្តី យកចិត្តទុកដាក់ លើកស្ទួយតម្លៃស្រ្តី លើកកម្ពស់ស្ថានភាពស្រ្តី លុបបំបាត់ការរើសអើងស្រ្តី ងាយរងគ្រោះ និងជម្រុញស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការងារនយោបាយ ការងារសេដ្ឋកិច្ច សង្គម ដែលស្រ្តីជាកម្លាំងចលករដែលមិនអាចខ្វះបាន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមអបអរសាទរចំពោះលោកស្រី កែសួន សុភី ស សុខា ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសសាខាសាមគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ឲ្យបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាពដូចជា ពង្រឹងរបៀបរបបធ្វើការ ចេះបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខាទូទាំងអង្គភាព ឲ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»។
សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាសមាគមដែលបានបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតតាំងពីថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៧៨ ដោយបានចាប់កំណើតឡើងក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបនូវគ្រោះមហន្តរាយបង្កឡើងដោយរបបប្រល័យពូជសាសន៍ ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។ ក្នុងរយៈពេលនេះ រចនា
សម្ព័ន្ធសង្គមជាតិទាំងមូលបានត្រូវបំផ្លាញដល់ឫសគល់ ទឹកដីកម្ពុជាទាំងមូលពោរពេញដោយគំនរផេះផង់ និងជោគជាំដោយឈាម និងទឹកភ្នែក។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា ក្រោយថ្ងៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ សមាគមនារីបានប្រមូលផ្តុំចងក្រងនារីជាក្រុម និងបានបំផុសបងប្អូននារីគ្រប់ស្រទាប់រួមគ្នា ជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារកសាង និងការពារមាតុភូមិ ទប់ស្កាត់ការវិលមកវិញនៃរបបប្រល័យពូជសាសន៍ និងបានសហការជាមួយក្រសួង/ស្ថាប័ន និងសមាគមនារីនៃបណ្តាប្រទេសជាមិត្តជាច្រើន ដើម្បីសុំជំនួយសង្គ្រោះបន្ទាន់ជួយដល់នារីដែលកំពុងជួបការលំបាកក្នុងជីវភាព។
បន្ថែមពីនោះទៀត បានខិតខំពង្រឹង និងជំរុញសកម្មភាពដោយផ្តោតសំខាន់លើការបង្កើតគោលនយោបាយដើម្បីការពារស្ត្រី និងកុមារ អប់រំស្ត្រីឲ្យកសាងគ្រួសារដែលមានសុភមង្គល របៀបរស់នៅមានសីលធម៌ល្អ លើកកម្ពស់ និងផ្តល់អំណាចដល់ស្ត្រីក្នុងជីវិតប្រចាំថ្ងៃ ដែលនាំទៅដល់ការផ្តល់អំណាចក្នុងសង្គម និងនយោបាយ លើកកម្ពស់សមភាពយេនឌ័រ ការការពារសិទ្ធិស្ត្រី ការពារស្ត្រីពីការរំលោភបំពានក្នុងគ្រួសារ ពិសេសបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពស្ត្រី ដើម្បីបង្កើនចំនួនស្ត្រីក្នុងតំណែងក្នុងវិស័យនយោបាយ និងការសម្រេចចិត្តជាដើម៕