(សៀមរាប)៖ លោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអណត្តិទី២ បានអំពាវនាវដល់ឱសថការីទាំងអស់ ត្រូវចូលរួមទប់ស្កាត់ នូវការលក់ឱសថក្លែងក្លាយ ឱសថគ្មានបញ្ជីការ និងទប់ស្កាត់ការលក់ឱសថនៅលើបណ្ដាញសង្គម ដែលពុំមានច្បាប់អនុញ្ញាត្តិពីក្រសួងសុខាភិបាល មានដូចជា៖ ឡេលាបខ្លួន, គ្រឿងសំអាង, អាហារបំប៉នសុខភាព និងឱសថជាច្រើនទៀតដែលកំពុងចរាចរណ៍នៅលើទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់។

ការអំពាវនាវយ៉ាងដូច្នេះ របស់លោក បាន បុត្តា ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល​ និងលោកស្រីឱសថការី លី វណ្ណៈ ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តសៀមរាប, ​ដោយមានការធ្វើបទបង្ហាញដោយលោកអនុបណ្ឌិត គង់ ស្រួន អ្នកច្បាប់ក្រុមប្រឹក្សាគណៈឱសថការីជាតិ ព្រមទាំងមានការចូលរួមពីឱសថការីជាច្រើនផងដែរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

លោកស្រីឱសថការី លី វណ្ណៈ បានណែនាំដល់គ្រប់ឱសថស្ថានទាំងអស់ក្នុងខេត្តសៀមរាប ដែលមិនទាន់មានអាជ្ញាប័ណ្ណវិជ្ជាជីវៈឱសថការី ឬក៏មានហើយតែហួសសុពលភាព ត្រូវមកសុំអាជ្ញាប័ណ្ណឱ្យបានគ្រប់ៗគ្នា ចៀសវាងប្រកបរបរខុសច្បាប់តទៅទៀត។ លោកស្រីឱសថការី ក៏បានផ្ដាំផ្ញើដល់ឱសថការីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈជូនដល់ប្រជាពលរដ្ឋ ព្រមទាំងអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ដែលបានកំណត់ផងដែរ។

លោក បាន បុត្តា បានបន្តថា ឱសថការីទាំងអស់ត្រូវពង្រឹងសមត្ថភាព, គោរពនូវក្រមសីលធម៌, គោរពនូវដែនកំណត់វិជ្ជាជីវៈ និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។ លោកបន្តថា ដោយឱសថការីមួយចំនួនគាត់លក់ថ្នាំ ប៉ុន្តែគាត់មិនបានដឹងពីការបរិច្ឆេទថ្នាំឲ្យបានច្បាស់លាស់, ថ្នាំខ្លះផុតសុពលភាព, ខ្លះទៀតមិនបានពិនិត្យថ្នាំនៅឱសថស្ថានរបស់ខ្លួនឲ្យបានច្បាស់លាស់ និងយកថ្នាំនោះលក់ឲ្យប្រជាពលរដ្ឋ។ ហើយនៅពេលគេចុះអនុវត្តច្បាប់ គេពិនិត្យឃើញថា ឱសថស្ថានរបស់យើងលក់ថ្នាំហួសសុពលភាព ហើយត្រូវផាកពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀលផងដែរ។

លោកបានបន្តទៀតថា ឱសថការីមួយចំនួនទៀតគាត់បានលក់ថ្នាំចេញពីមន្ទីរពេទ្យ និងចេញពីមណ្ឌលសុខភាព នេះគឺទាក់ទងនឹងនិយាមរបស់យើងអនុវត្តមិនបានត្រឹមត្រូវ។ លើសពីនេះទៅទៀត គាត់ធ្វើការងារផ្សេងក្រៅពីឱសថការី ប៉ុន្តែគាត់បើកឱសថស្ថាន ហើយមើលឈាម, ចាក់ថ្នាំ និងស្ពាយកាបូបដើរចាក់តាមភូមិទៀត។ លោកបន្តថា ប្រសិនបើឃើញមានដូចករណីនេះ ត្រូវផ្តល់ដំណឹងដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីសហការជាមួយសមត្ថកិច្ចចុះអនុវត្តទៅតាមនីតិវិធីច្បាប់។

ក្នុងឱកាសនេះដែរ លោកក៏បានពាំនាំនូវការសួរសុខទុកពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់សមាជិក សមាជិកាឱសថការីទាំងអស់ក្នុងខេត្តសៀមរាប និងសូមជូនពរឲ្យឱសថការីទាំងអស់ឲ្យមានសុខភាបល្អផងដែរ។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ គោលបំណងដ៏ធំបំផុត ត្រូវពង្រឹងគុណភាពសេវា និងផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យជិតបំផុត គឺដល់ផ្ទះរបស់គាត់ផងដែរ។

ជាមួយនេះដែរ លោក បាន បុត្តា ក៏បានក្រើនរំលឹកដល់ឱសថការីទាំងអស់ ត្រូវបន្តការសិក្សា និងស្រាវជ្រាវបន្ថែមទៀត នូវចំណុចណាខ្វះខាតយើងត្រូវពង្រឹងបន្ថែមទៀត ហើយចំណុចខ្វះខាតណាដែលខ្លាំងត្រូវចែករំលែកដល់ឱសថការីផ្សេងៗទៀតផងដែរ៕