(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងដើម្បីចូលរួមអបអរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី ១៨ ដែលនឹងប្រារព្ធនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រៀបចំពិធីជួបជុំ និងសំណេះសំណាលមួយ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ជាមួយនិវត្តជន និងក្រុមគ្រួសារ អ្នកដែលបានទទួលមរណភាព ចំនួន៦៧នាក់ ដែលធ្លាប់បម្រើការងារមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា។
លោកស្រី អគ្គលេខាធិការ បានថ្លែងថា ពិធីនេះ រៀបចំឡើងដើម្បីផ្តល់ឱកាសដល់មន្ត្រី-បុគ្គលិកជើងចាស់ និងអ្នកបន្តវេន បានជួបជុំគ្នា និងចែករំលែក បទពិសោធន៍គ្នា ទៅវិញទៅមក។
ក្នុងពិធីសំណេះសំណាលនោះ និវត្តជន បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏សែនកំសត់ និងការពុះពារគ្រប់ឧបសគ្គតាមដងផ្លូវដ៏សែនលំបាក ដើរឆ្លងកាត់ចម្ការមីន កាត់វាល ចូលព្រៃ និងទីជនបទដាច់ស្រយ៉ាល ក្នុងប្រតិបត្តិការមនុស្សធម៌ធំៗកន្លងមក ដើម្បីនាំយកអំណោយជូនដល់ដៃជនរងគ្រោះ។
ជាមួយគ្នានោះ និវត្តជនបានថ្លែងថា ទោះបីពួគគាត់បានចូលនិវត្តរ៍ហើយក្តី តែពួកគាត់មានមោទនភាព ចំពោះ វឌ្ឍនភាព និងសមិទ្ធផលធំធេង របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យកាកបាទក្រហមកម្ពុជា មានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែនឹករលឹក ចងចាំ មិនភ្លេចពីស្នាដៃជាច្រើន ដែលមន្ត្រី-បុគ្គលិកជំនាន់មុន បានកសាងឡើង ហើយបន្សល់ទុកជាមូលដ្ឋានគ្រឹះ នៃការបន្តអភិវឌ្ឍដល់អ្នកបន្តវេន ជាពិសេស ថែមទាំងគិតគូរពីសុខទុក្ខរបស់ពួកគាត់ គ្រប់ពេលវេលា មិនភ្លេចមួយគ្រាណាឡើយ។
យ៉ាងណាម៉ិញ ទិវាមនុស្សចាស់ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «សមាគមមនុស្សចាស់ គឺជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍសុខុមាលភាពមនុស្សចាស់ ក្នុងសហគមន៍ និងសង្គមជាតិ» ដែលជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សចាស់ និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ ចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋគ្រប់វ័យ ពិសេស ចំពោះមនុស្សចាស់។
ជាចំណងដៃក្នុងឱកាសជួបជុំនេះ និវត្តជន និងក្រុមគ្រួសារអ្នកទទួលមរណភាព ទាំង៦៧នាក់ បានទទួលអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងម្នាក់ៗ ថវិកា ៣០០ដុល្លារអាមេរិក អង្ករ៣០គីឡូក្រាម មីយើង ១កេស ទឹកក្រូច ១កេស និងត្រីខ ១០កំប៉ុង ផងដែរ៕