(តាកែវ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្ដតាកែវ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្ដិទី៦ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ក្នុងអង្គសន្និបាតនេះ ក៏បានឆ្លងសេចក្ដីព្រាងរបាយការណ៍ សកម្មភាពសាខាអាណត្ដិទី៥ និងលើកទិសដៅការងារសម្រាប់អាណត្ដិទី៦, ឆ្លងសេចក្ដីព្រាងរបាយការណ៍ការងារហិរញ្ញវត្ថុក្នុងអាណត្ដិទី៥ និងទិសដៅការងារហិរញ្ញវត្ថុ សម្រាប់អាណត្ដិទី៦ ហើយអង្គសន្និបាតបានពិភាក្សាអនុម័ត ដោយលើកបណ្ណ លើសេចក្ដីព្រាងរបាយការណ៍បូកសរុបអាណត្ដិទី៥ទាំងពីរ និងទិសដៅការងារអាណត្ដិទី៦។
ក្នុងនោះក៏មានសេចក្ដីប្រកាសលាលែងគណៈកម្មការធិការសាខាអាណត្ដិទី៥ ដោយអនុប្រធានគណៈកម្មាធិការសាខា តំណាងសមាជិកនៃគណៈកម្មាធិការសាខាអាណត្ដិទី៥, បន្ទាប់មកប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ហើយឆ្លង និងអនុម័តលើសមាសភាពបេក្ខជនគណៈកម្មការរៀបចំបោះឆ្នោត ដោយលើកបណ្ណអនុម័ត។
ជាលទ្ធផលដំណើរនៃការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦ មានចំនួន១៥ រូប ក្នុងនោះលោក វ៉ី សំណាង អភិបាលនៃគណៈ អភិបាលខេត្ត ខេត្តតាកែវ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦, លោក ម៉ឹង វុធី ជាអនុប្រធានអចិន្ត្រៃយ៍, លោកស្រី គា សុភូ អនុប្រធាន, លោក ហោ បុណ្ណវឌ្ឍន៍ ជាហេរញ្ញិក, លោក មឹង វិរិយា ជាលេខាធិការ, លោក ញ៉ិប ស្រ៊ន ជាសមាជិក, លោក ណុប នី ជាសមាជិក, លោក ឡោ វីរិទ្ធិ ជាសមាជិក, លោក លីវ សំណាង ជាសមាជិក, លោក ញា ស៊ីថាន ជាសមាជិក, លោកស្រី ម៉ន រតនា ជាសមាជិកា, លោក ប៊ុន ហួរ ជាសមាជិក, លោក ឆយ ម៉ុនលី ជាសមាជិក, លោក អ៊ុង ជាកុក ជាសមាជិក និងលោកស្រី លឹម សុខា ជាសមាជិកា។
បន្ទាប់ពីប្រកាសសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អាណត្តិទី៦ លោកស្រី ហួន ច័ន្ទបូរ៉ា បានអញ្ជើញឡើងអានសេចក្ដីសម្រេចរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ដីពីការទទួលស្គាល់សេចក្ដីសម្រេចគណៈកម្មាធិការសាខាអាណត្ដិទី៦ និងបានធ្វើពិធីប្រគល់ត្រា ជូនគណៈកម្មាធិការសាខាអាណត្ដិទី៦ ដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះលោក វ៉ី សំណាង បានឡើងបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងមានមោទនភាពជាខ្លាំងចំពោះការទទួលបានសេចក្ដីទុកចិត្ដពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា បោះឆ្នោតជ្រើសរើសលោកធ្វើជាប្រធានគណៈកម្មាធិការសាខាអាណត្តិទី៦។
លោកបានបេ្ដជា្ញចិត្ដថា «ក្នុងនាមអាជ្ញាធរខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ខ្ញុំសូមប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ បង្កលក្ខណៈសម្បត្តិល្អ និងលទ្ធភាពគ្រប់បែបយ៉ាងដល់សកម្មភាពសាខាកាកបាទក្រហមកម្ពុជាខេត្ត តាមគោលការណ៍គ្រឹះទាំង៧ និងវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ឱ្យបានល្អប្រសើរ ប្រកបដោយនិរន្តរភាព»។
លោកបានបញ្ជាក់ទៀតថា ក្នុងនាមលោកផ្ទាល់ដែលបានដើរតួនាទីជាអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦ នឹងយកចិត្តទុកដាក់ចូលរួមតាមដានសកម្មភាពអនុវត្តគ្រប់ពេលវេលា អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងសម្ភារៈថវិកាដើម្បីបុព្វហេតុចលនាដ៏ថ្លៃថ្លា របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ។ ពិតហើយថា បើរំពឹងលើការគាំទ្រតែមួយគត់ពីអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ និងសាខាផ្ទាល់នោះគឺច្បាស់ ជាមិនអាចសម្រេចដោយងាយស្រួលនូវ លទ្ធផល ខាងលើនេះបានទ្បើយ។ ដូច្នេះជោគជ័យក្នុងអាណត្តិទី៥ កន្លងមកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការ គាំទ្ររួមគ្នារវាង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផង កាកបាទក្រហមកម្ពុជាផង អង្គការជាតិ អង្គការ អន្តរជាតិ និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋានផង ដែលសុទ្ធតែ ជាប្រភពផ្តល់ការជួយឧបត្ថម្ភគាំទ្រដ៏សំខាន់ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ។
ក្រោយពីការបេ្ដជ្ញាចិត្ដរបស់លោក វ៉ី សំណាង, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងថ្នាក់កណ្ដាល អញ្ជើញឡើងអានសេចក្ដីថ្លែងការណ៍សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានខ្លឹមសារថា «ថ្ងៃនេះ ខ្ញុំមានក្តីសោមនស្សរីករាយចូលរួមអបអរសាទរ និងសូមប្រកាសគាំទ្រ ព្រមទាំងទទួលស្គាល់នូវសមាសភាពគណៈកម្មាធិការសាខាទាំង ១៥រូប ដែលទទួលបាននូវទំនុកចិត្តពីអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អាណត្តិទី៦។ សម្លេងឆ្នោតគាំទ្រ ជាសក្ខីកម្មនៃការប្រគល់ជូនសមាជិកសមាជិកា នូវភារកិច្ចដ៍ឧត្តុង្គឧត្តមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌នៅក្នុងបូរណភាពរដ្ឋបាលដែនដីខេត្តតាកែវ ចាប់ពីថ្ងៃនេះតទៅ»។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ អស់លោក លោកស្រី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អាណត្តិទី៥ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដ៏វិសេសវិសាលក្នុងឋានៈជាអ្នកស្ម័គ្រចិត្តសកម្ម ដឹកនាំអភិបាលគ្រប់គ្រង សាខា-អនុសាខាមួយអាណត្តិកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធកម្មជាបន្តបន្ទាប់ ក្នុងការជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត។
ជាក់ស្តែងសម្រេចបាន៖
* កសាងកម្លាំង និងបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា បានចំនួន ៤,៦១៨នាក់ តាមគ្រឹះស្ថានសិក្សាចំនួន ១២១
* ពង្រឹង និងបង្កើនសមត្ថភាពអ្នកស្ម័គ្រចិត្តតាមភូមិបានចំនួន ៥២០នាក់
* បណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម បានចំនួន ១៣៩វគ្គ មានសិក្ខាកាម ៥,២១៦នាក់
* លើកកម្ពស់ការយល់ដឹងពីសុខភាពមាតា ទារក និងកុមារ បានចំនួន ៩៩៣គ្រួសារ
* ផ្តល់អំណោយសម្រាលជីវភាពលំបាកអ្នករងគ្រោះបំផុត និងអ្នករងគ្រោះដោយធម្មជាតិ បានចំនួន ៨៤៤លើក មានគ្រួសារទទួលផល ៧,៥៦៩គ្រួសារ
ក្នុងសេចក្ដីថ្លែងការណ៍របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបឱ្យបានយ៉ាងសក្ដិសមទៅនឹងការជឿទុកចិត្តពីអង្គសន្និបាតគណៈកម្មាធិការសាខាសម្រាប់អាណត្តិទី៦នេះ ពិតជាត្រូវការចាំបាច់ណាស់នូវគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់បន្តអភិបាលកិច្ច និងដឹកនាំ/គ្រប់គ្រងសាខា/អនុសាខា ដែលជាកម្លាំងជួរមុខនៅតាមមូលដ្ឋាន ក្នុងការជួយដល់ប្រជាពលរដ្ឋ
ងាយរងគ្រោះបំផុតនៅគ្រប់កាលៈទេសៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃដដែលនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានបន្ដដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦ សរុបចំនួន ១៩នាក់ផងដែរ៕