(ពោធិ៍សាត់)៖ រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីបើកការដ្ឋានជាផ្លូវការ នៃរោងចក្រដំឡើងរថយន្តអគ្គិសនីខាងលើ នឹងត្រូវធ្វើឡើង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ZM Trucks បានក្លាយជាម៉ាកយីហោរបស់ ZO Motors នៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង។

ក្រុមហ៊ុន ZO Motors នឹងធ្វើការផ្លាស់ប្តូរប្រជាជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើប ពីការប្រើប្រាស់រថយន្តដឹកទំនិញ ប្រើប្រេងម៉ាស៊ូត មកប្រើប្រាស់រថយន្តដឹកទំនិញ ដើរដោយប្រព័ន្ធដ្រាយអគ្គិសនី គ្មានការបំភាយឧស្ម័នពុល ដល់ស្រទាប់បរិយាកាស។

ជាមួយគ្នានោះ យើងក៏មិនទាន់បានដឹងជាក់ច្បាស់ អំពីទម្ងន់យានយន្ត និងសមត្ថភាពថ្ម ដែលអាចអូសសណ្តោងទំនិញបាននៅឡើយទេ៕