(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តការសាកសួរលើជនសង្ស័យ៥នាក់បន្ថែម ដែលពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញម្តងទៀត បន្ទាប់ពីការសាកសួរកាលពីម្សិលមិញមិនទាន់បញ្ចប់។
សូមបញ្ជាក់ថា ពីម្សិលមិញតុលាការបានសម្រេចឃុំខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោម៨នាក់ ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧និង១៩៩នៃក្រមព្រហ្មទណ្ឌ។
សូមជំរាបថា ជនសង្ស័យ៨នាក់នោះមានជនដៃដល់ មេខ្លោង និងអ្នកផ្សំគំនិតដែលក្នុងនោះក៏មានជនជាតិវៀតណាម៣នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃបង្ហាញមុខនៅព្រឹកមិញម្សិលមិញនេះ មុនពេលបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ។ នាគ្រាដែលបញ្ជូនទៅដល់តុលាការក្រុងភ្នំពេញ ពួកគេក៏ត្រូវបានចោទសួរដោយព្រះរាជអាជ្ញារង ហ៊ឺង ប៊ុនថន ផងដែរ។
បើតាមសមត្ថកិច្ច, ករណីនេះមិនមែនជា ការបង្កចលាចលនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជារឿងគំនុំសុទ្ធសាធដែលមានមេខ្លោងឈ្មោះ សុខ គឹមលី ភេទស្រី អាយុ៤១ឆ្នាំ បានព្យាយាមបោកគ្រាប់បែក សម្លាប់ជនរងគ្រោះឈ្មោះ អៀ គឹមហួរ ប៉ុន្តែមិនបានសម្រេចគ្រាន់តែរបួសប៉ុណ្ណោះ ហើយថាការតាមធ្វើឃាតជនរងគ្រោះបែបនេះ បានធ្វើឡើងម្តងរួចទៅហើយ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។
សូមជំរាបថា កាលពីព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបំផ្ទុះគ្រាប់បែកមួយ នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ៕