(ពោធិ៍សាត់)៖ ស្ត្រីវ័យក្មេងម្នាក់ យកដៃកាន់ស័ង្កសីពេលទៅធ្វើម្ហូបនៅផ្ទះបាយ ក៏ត្រូវឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦៖៤៥នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះបាយស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ស្ត្រីវ័យក្មេងដែលឆ្លងចរន្តអគ្គិសនីតាមរយៈស័ង្កសីឆក់ស្លាប់នោះ មានឈ្មោះ ប៉ក់ ហានីរ៉ូស្សា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបន្ដថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅធ្វើម្ហូបនៅផ្ទះបាយ ហើយបានយកដៃកាន់នឹងស័ង្កសី ពេលប៉ះទៅស្រាប់តែឆ្លងចរន្តអគ្គិសនីតាមរយៈស័ង្កសី ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនស្ត្រីរងគ្រោះទៅមណ្ឌលសុខភាព តែជាអកុសលស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕