(កណ្ដាល)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា «សហគមន៍បន្លែសុវត្ថិភាពកោះខ្សាច់ទន្លា» នឹងក្លាយជាសហគមន៍កសិកម្មទំនើបទី៨ជាផ្លូវការ ក្នុងរយៈពេល២ខែទៀត បន្ទាប់ពីឈានដល់ដំណាក់កាលរៀបចំមហាសន្និបាតកំណើតដំបូងជាផ្លូវការ និងបានបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនចំនួន៧រូប ដើម្បីបន្តរៀបចំផែនការអាជីវកម្មលម្អិតជាមួយក្រុមការងារជំនាញនៃក្រសួងកសិកម្ម។
បើតាម អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថាកោះខ្សាច់ជន្លាគឺជាស្រុកមួយដែលមានសក្តានុពលខ្លាំងលើដំណាំបន្លែ ដែលជាប្រពៃណីទំនៀមទម្លាប់របស់អ្នកទន្លេ គឺពួកគាត់តែងតែដាំបន្លែ ដែលបន្លែនៅទីនោះ កន្លងមកវាតែងតែមានបន្លែមើមដូចជា ខ្ញី, បន្លែស្លឹកដូចជា សាឡាត់ ខាត់ណា ស្ពៃក្រញាញ់ស្ពៃតឿ ស្ពៃចង្កឹះ ឬក៏បន្លែផ្លែខ្លះដូចជា ប៉េងប៉ោះ ត្រសក់ជាដើម គ្រាន់តែពួកគាត់ធ្វើលក្ខណៈគ្រួសារ។
លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់បន្ថែមថា «បើមិនមានអ្វីប្រែប្រួលទេ យ៉ាងយូរ២ខែទៀត យើងនឹងអាចដាក់ឱ្យដំណើរការសហគមន៍កសិកម្មទំនើបថ្មីមួយទៀតនៅលើកោះ ក្នុងស្រុកស្អាង ខេត្តកណ្តាលនេះបានហើយ»។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបន្តថា កសិករអ្នកដាំបន្លែដែលបានស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍មានចំនួន ១០៤គ្រួសារ និងមានផ្ទៃដីផលិតកម្មចំនួនប្រហាក់ប្រហែល ២៥ហិកតាផងដែរ៕